ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូឌ្រីមស៊េរី០១៨ មួយគ្រឿងចេញពីខារ៉ាអូខេហើយបំណងទៅផឹកបន្តនៅកោះពេជ្រ តែខណៈមកតាមផ្លូវក៏ត្រូវក្រុមចោរមួយក្រុមជិះដេញតាមនិងសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចបណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរអតីតរង្វង់មូលទួលគោក តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធឿន ប៊ុនធុល ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល។ ទី២ ជាអ្នកអង្គុយពីក្រោយមានឈ្មោះ ផុន ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង២នាក់ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទើបតែចេញមកពីច្រៀងខារ៉ាអូខេនៅម្ដុំភ្នំពេញថ្មី ហើយបំណងទៅផឹកជាមួយនិងសង្សារបន្តទៀតនៅម្តុំកោះពេជ្រ។ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-4596 តាមបណ្ដោយផ្លូវ៦០៨ ក្នុងទិសដៅចុះមកពីទំនប់ត្រឡោកបែកឆ្ពោះទៅអតីតរង្វង់ទួលគោក។ មកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រដាប់ដោយខ្សែក្រវ៉ាត់ជិះម៉ូតូ៥ ទៅ៦គ្រឿង មកតាមពីក្រោយហើយក៏បានធ្វើសកម្មភាពវាយប្លន់ទៅលើជនរងគ្រោះជាម្ចាស់ម៉ូតូចំសៀតផ្កាខាងឆ្វេងបណ្តាលបែកឈាម ហើយក៏ដួលម៉ូតូ។ ភ្លាមៗនោះដោយក្រុមជនសង្ស័យឃើញឪកាសល្អក៏លើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ភ្លាមនោះដែលជនរងគ្រោះក៏បានស្រែកចោរៗឲ្យគេឯងដែលនៅក្បែរនោះតែគ្មាននរណាម្នាក់ជួយនោះទេ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែកាន់កាតគ្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ដោយក្តីសោកស្ដាយតែប៉ុណ្ណោះ៕
មតិយោបល់