ព័ត៌មានជាតិ

នារីម្នាក់ស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ: នារីម្នាក់ស្រវឹងជោកជាំ បានបើករថយន្តដឹកមិត្តភក្កិចេញពីកន្លែងរាំរែក នៅក្នុងក្លឹបហ៊្សូក ជាមួយល្បឿនយ៉ាងលឿន បានរេពេញផ្លូវរួចក៏ជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់វៀចអស់៣កង់ កាលពីវេលាម៉ោង១២ និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខារ៉ាអូខេប៊េះស្តារ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមប្រភពពីបុរសម្នាក់ ដែលជាម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានឱ្យស្រ្តីម្នាក់ដែលជាមិត្តភក្តិរបស់គាត់ បើកបររថយន្តរបស់គាត់ ម៉ាក MATIZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2F-9203។ រួមដំណើរគាត់ និងមិត្តភក្តិប្រុសស្រីពីរទៅបីនាក់ទៀតពីក្រោយ ដោយពួកគាត់ទើបតែចេញមកពីផឹកស៊ី និងរាំរែកនៅក្លឹបកម្សាន្តហ៊្សូក បំណងបើកត្រលប់ទៅផ្ទះវិញ នៅស្ទឹងមានជ័យ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនលឿនថែមទាំងរេពេញផ្លូវទៀតផង។

មកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរស្រវឹងគ្រប់គ្រងដៃចង្កូតលែងបាន ក៏ជ្រុលចង្កូតមកឆ្វេងទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្តាលឲ្យដួលបាក់បែក និងវៀចអស់ចំនួន៣កង់។ ចំណែកឯរថយន្តបង្កបានរងការខូចខាត ដាច់ក្រឡេកង់ខាងមុខ និងក្រពឹតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ដោយឡែកភ្លាមៗនោះស្រ្តីជាមិត្តភក្តិ និងជាអ្នកបើកបររថយន្តបង្ក បានគេចខ្លួនចេញពីកន្លែងកើតបាត់ស្រមោល ចោលបុរសជាម្ចាស់រថយន្ត។

ក្រោយពេលកើតក៏ឃើញ មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់