ព័ត៌មានជាតិ

កម្លាំងប៉ុស្ដិ៍នគរបាលប្រើវិធានការក្ដៅចំពោះអ្នកនេសាទខុសច្បាប់

ត្បូងឃ្មុំៈ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការបង្ក្រាបករណីជាក់ស្ដែង បទល្មើស នេសាទត្រីដោយខុស ច្បាប់នៅក្នុងភូមិសាស្ត្រ ស្រុកក្រូចឆ្មារ ក្នុងការចុះបង្ក្រាបនេះធ្វើឡើងនៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដោយបានដកហូត នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួននៅ ០៣កន្លែងផ្សេងគ្នាក្នុងនោះគឺ៖
១/កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ដោយប្រើឧបករណ៍ឆក់ត្រី) នៅចំណុចសាជីកន្ទុយព្រែកអាជី ក្រោយភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ បង្ក្រាបបាន ឧបករណ៍នេសាទ មាន ដុំឆក់ត្រីចំនួន០៣ អាគុយចំនួន ០៣ ដុំឆក់បណ្ដែតទឹកចំនួន០៣ ដែកចាក់ចំនួន០៣គូរ ។
២/កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំនីក បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (លបស្បៃមុង) នៅចំណុចអូរក្ដា ក្រោយភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ បង្ក្រាបបានលបស្បៃមុងចំនួន ០៨ មាត់ ប្រវែង ២០០ម៉ែត្រ របាំងព្រួលប្រវែង ៦៨០ ម៉ែត្រ បង្គោលឬស្សី ២៤០ បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) ។ និងលែងកូនត្រីចំរុះចំនួនប្រមាណ២៥គីឡូក្រាម ចូលទៅក្នុងទឹកវិញ ។
៣/កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង សហការជាមួយក្រុមប្រឹក្សាឃុំ អាវុធហត្ថស្រុក និងជំនាញជលផល ដោយដឹកនាំដោយលោក ឃុត ឡាដែន អភិបាលរងស្រុក បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអូរផ្សោតមុខភូមិទី៣ភូមិទី៤និងភូមិទី៥ ដោយបង្ក្រាបបានចំនួន៣ករណី៖
-លបស្បៃមុង បាន ចំនួន០៥មាត់ របាំងព្រួលស្បៃមុងប្រវែង ២៧៥ម៉ែត្រ បង្គោលចំនួន ១២៥បង្គោល និងលែងកូនត្រីចម្រុះប្រមាណ០៣គីឡូក្រាម ចូលទឹកវិញ ។
-រ៉ាវ : របាំងរ៉ាវប្រវែង ៦០ម៉ែត្រ ឧបករណ៍រ៉ាវចំនួន ០២មាត់ បង្គោលចំនួន ៦៥បង្គោល ។
-របាំងព្រួលឬស្សី: របាំងបិទផ្ជិតមាត់អូរប្រវែង ៥៥ម៉ែត្រ ចំនួន០២ខ្សែ ឧបករណ៍ទ្រូចំនួន០៧សម្រាប់ បង្គោលចម្រឹងចំនួន៧៥ដើម ។ ចំពោះឧបករណ៍និងសម្ភារៈខាងលើត្រូវបានកាប់បំផ្លាញ និងដុតចោលនៅហ្នឹងកន្លែង៕

មតិយោបល់