ព័ត៌មានជាតិ

ឆក់គេបានគ្រាន់ តែសមត្ថកិច្ចតាមទាន់ គុកចឹង!..

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចដេញចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៩៦ ក្នុងភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់កាបូបលុយមានឈ្មោះ គង់ ឡាយថុន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃតាថុក សង្កាត់ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ ឯម រតនៈ (ហៅ ពៀច)ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ រីឯបក្ខពួកដែលរត់គេចខ្លួនមានឈ្មោះ រតនា ភេទប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ ចំណែកសម្ភារៈដែលសមត្ថកិច្ចដកហូតពីជនសង្ស័យបាន ពេលនេះបានប្រគល់ទៅឲ្យជនរងគ្រោះវិញហើយ៕

មតិយោបល់