ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១២ និង០០នាទីអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង រថយន្តកុងតឺន័រមួយគ្រឿង បានក្រឡាប់ផ្ញារជើង ធ្លាក់ទូរកុងតឺន័រទទឹងផ្លូវ បង្កការកកស្ទះយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយរថយន្តខាងលើ ម៉ាកV1 ពាក់ស្លាកលេខភ្នំពេញ 3E -4780 ត្រូវបានស្ទូចចេញពីកន្លែងកើតហេតុ នៅវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៩ ទើបចរាចរណ៍បានជាធម្មតាវិញ។
តាមប្រភពពីម្ចាស់រថយន្ត បានឲ្យដឹងថា ករណីនេះ បណ្តាលមកពីតៃកុងរថយន្ត ចាំងពន្លឺរថយន្តផ្សេងទៀត ដែលមកពីមុខ រួចក៏វេរចង្កូត ហើយបួងចង្កូតមកវិញ ក៏ក្រឡាប់តែម្តង សំណាងល្អ ពុំបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុរថយន្តខាងលើ ត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំអ្នកបើកបរ និងកសាងសំណុំរឿងចាត់ការ តាមនិតិវិធី៕
មតិយោបល់