យោងតាមការប្រកាសកាលពីព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ តារាម៉ូដែល BN ដែលជាសមាជិកចំណូលថ្មី របស់គ្រួសារតារាកម្ពុជា ត្រូវបានគណកម្មការ Miss Global International ជ្រើសជាតំណាងកម្ពុជាជា ដើម្បីឲ្យនាងទៅប្រកួតបវរកញ្ញាឯកពិភពលោក Miss Global នៅខែកញ្ញា ខាងមុខ។ នាងត្រូវបានជ្រើស បន្ទាប់ពីបានបង្ហាញខ្លួន ក្នុងការប្រកួតឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក ហើយត្រូវបានណែនាំឲ្យស្គាល់ តំណាងគណកម្មការ Miss Global International ដែលជាគណអធិបតី ក្នុងការប្រកួតនោះ និងបន្ទាប់ពីនាង បានក្លាយជាសមាជិកគ្រួសារតារាកម្ពុជា។
ហេតុផលនៃការជ្រើសយក គឺដោយសារយុវតីវ័យ២២ឆ្នាំរូបនេះ មានរូបសម្រស់ស្រស់សោភា កម្ពស់ខ្ពស់ល្អ និងមានចំណេះដឹង ផ្នែកភាសាបរទេសជ្រៅជ្រះ។ ម្យ៉ាងមកពីកញ្ញា គឺសិល្បការិនីពន្លកថ្មី ដែលទទួលបានការចាប់អារម្មណ៍ស្រាប់ក្នុងអាជីពបង្ហាញម៉ូដ និងសកម្មក្នុងកិច្ចការសង្គមនាពេលចុងក្រោយ ក្រោយពីសមាជិកគ្រួសារតារាកម្ពុជាផង។
លោក អឿន រតនៈ តំណាងគណកម្មការ Miss Global International បានអះអាងថា បន្ទាប់ពីបានដាក់សំណើរបេក្ខនារីខ្មែរ ជាច្រើនរូប ទៅកាន់គណកម្មការអន្តរជាតិ ដែលជាអ្នករៀបចំការប្រកួត នៅក្រៅប្រទេស កញ្ញា អៃ សុគន្ធពិដោរ ត្រូវបានឯកភាពជារួម ឲ្យតំណាងប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅក្នុងប្រទេស Jamica ខែ៩ខាងមុខ។ លោកនឹងដឹកនាំបេក្ខនារីរូបនេះ ទៅកាន់ប្រទេសចាម៉ៃកា នៅថ្ងៃទី២៣ ខែ៩ ដោយការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែ៩ ជាមួយនឹងវត្តមានបេក្ខនារីមកពីជាច្រើនប្រទេស។
កញ្ញា អៃ សុគន្ធពិដោរ បានអះអាងថា រំភើបចិត្តយ៉ាងខ្លាំង ដែលត្រូវបានលោក អឿន រតនៈ និង គណកម្មការ Miss Global International ជ្រើសជាតំណាងប្រទេសកម្ពុជា បន្ទាប់ពីកញ្ញា បានជួបលោក អឿន រតនៈ នៅក្នុងការប្រកួតឈុតបុរាណ របស់គ្រួសារតារាកម្ពុជា នៅសំបូរព្រៃគុក។ កញ្ញាថា ខ្លួនមានកម្ពស់១ម៉ែត្រ៦៨ ជានិស្សិតផ្នែកគណនេយ្យឆ្នាំទី៣ ជាតារាម៉ូដែលប្រចាំក្រុម BN និងជាសមាជិកគ្រួសារតារាកម្ពុជា។
កញ្ញាបានត្រៀមរួចហើយ ក្នុងការយកឈុតអប្សរា-ស ទៅបង្អួតនៅព្រឹត្តិការណ៍នោះ ដោយកញ្ញាបញ្ជាក់ថា បើទោះក្ដីសង្ឃឹម ក្នុងការដណ្ដើមមកុដនៅមិនទាន់មាន តែក៏បានបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិនាឱកាសនោះ៕
មតិយោបល់