កណ្តាលៈ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលស្រុកកៀនស្វាយបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ពាក់ព័ន្ធករណីចោរកម្ម។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១/ រឿន ភ័ណ្ឌ ហៅត្នោត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនប្រាកដ ជាមុខសញ្ញធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ៦ខែ ជាអ្នកធ្វើសកម្មភាពលួច។
២/ រឿន ចន្ធូ ភេទស្រី អាយុ ៣៦ឆ្នាំ
៣/ គិន រីណា ភេទប្រុស អាយុ ១៥ឆ្នាំ
៤/ ប៊ុន រ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំជាអ្នកសមគំនិត
៥/ គាំ ចាន់ ភេទប្រុស អាយុ ៤១ឆ្នាំ កំពុងរត់គេចខ្លួន។
ជនសង្ស័យទាំង៥នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ជនរងគ្រោះឈ្មោះ សួស សារ៉ុត ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលសិក្ខាកាមមករៀន នៅបណ្ឌិតសភានគរបាលកម្ពុជា បានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះ តិប រ៉ុម ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមន្ត្រីនគរបាលសិក្ខាកាមមករៀន នៅបណ្ឌិតសភានគរបាលកម្ពុជា បានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ ខណៈដែលពេលដែលខ្លួនកំពុងតែដេកលង់លក់ ក្នុងបន្ទប់ផ្ទះជួលរៀងៗខ្លួន ស្រាប់តែជនសង្ស័យបានផ្លោះរបងចូល ទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ រួមមានខ្សែកទូរស័ព្ទ និងលុយមួយចំនួនរួចរត់គេចខ្លួនបាត់អស់ លុះភ្ញាក់ពីដំណេកវិញទើបដឹងថា បាត់បង់ទ្រព្យសម្បត្តិអស់ ក៏នាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋតែម្ដង។បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងអធិការនគរបាលស្រុកកៀនស្វាយ សហការជាមួយកំលាំងប៉ុស្តិ៍ ចុះទៅធ្វើការស្រាវជ្រាវទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ នាំមកប៉ុស្តិ៍នគរបាលដើម្បីសួរនាំ ចំណែកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះទាំង ២នាក់ប្រាកដមែន
បច្ចុប្បន្ននគរបាលស្រុកកៀនស្វាយ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានចាត់ការតាមនីតិវិធី៕
មតិយោបល់