ភ្នំពេញៈ ប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាដេញចាប់ជនសង្ស័យបានចំនួន៣នាក់ បន្ទាប់ពីពួកគេរួមគំនិតគ្នាធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លឹបប៊្លូឡាញ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ទី១ ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។
ទី២ឈ្មោះ កែវ សុធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។ និងទី៣ ឈ្មោះ ថុល លីឆេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់ នៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ពាក់ស្លាក លេខភ្នំពេញ1HJ-8465 ស្នាក់នៅភូមិអក្សរ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្ដីជនរងគ្រោះ និងអ្នករត់កង់បីឥណ្ឌា ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុខកើតហេតុគេសង្កេតឃើញ ជនសង្ស័យ៣នាក់ខាងលើបានដើរមកក្បែរកង់បីឥណ្ឌារបស់ជនរងគ្រោះ ដោយមាន២នាក់ធ្វើអង្គុយក្បែរ និងម្នាក់ ទៀតធ្វើសកម្មផ្ដាច់ប្រព័ន្ធភ្លើងបំណងលួច ។
ក្រោយមក ក៏មានអ្នករត់កង់បីឥណ្ឌាដូចគ្នាឃើញសកម្មភាពជនសង្ស័យខាងលើមិនល្អ ក៏ធ្វើការសួរនាំពួកគេ តែពួកគេបាននាំគ្នារត់គេចខ្លួន ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាដេញចាប់ខ្លួនបានទាំង៣នាក់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបាននាំពួកគេទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី ៕
មតិយោបល់