ព័ត៌មានជាតិ

ឈើមួយដើម រលំសង្កត់គោយន្តកន្រ្តៃ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ធំ: នៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណី ប្ដីប្រពន្ធពីរនាក់ធ្វើដំណើរដោយគោយន្តកន្ត្រៃ ចេញពីចម្ការត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ខណ:ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវសុខៗ ស្រាប់តែឈើ១ដើមរលំសង្កត់ពីលើ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗ ប្ដីបានរងរបួសធ្ងន់បាក់ដៃ ស្ថិតនៅក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ជា ចាន់ អាយុ ៣៥ឆ្នាំ បានរងរបួសធ្ងន់បាក់ដៃជាច្រើនកំណាត់ ,ប្រពន្ធឈ្មោះ ធី ផាន អាយុ៣២ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ, ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធខាងលើ បានធ្វើដំណើរ តាមគោយន្តកន្ត្រៃមួយគ្រឿង បរចេញពីចម្ការត្រឡប់ទៅផ្ទះវិញ ដោយនៅក្នុងគោយន្តនោះមានដឹកអុសផង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឈើមួយដើមបានដួលរលំសង្កត់ពីលើ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯប្ដីបានរងរបួសធ្ងន់ ដោយបាក់ដៃជាច្រើនកំណាត់ ។
ចំពោះហេតុការណ៍ខាងលើនេះ ដោយមានជនល្មើសបានចូលទៅលួចអារឈើនៅជាប់នឹងដងផ្លូវ ទើបមានករណីនេះកើតឡើង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់