ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូល្បឿនលឿនបានទៅបុក រថយន្ដចតលើចិញ្ចើមផ្លូវពុំបើកភ្លើងសញ្ញា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

កណ្ដាលៈ បុរសម្នាក់បើកម៉ូតូដោយល្បឿនលឿន បានបុករថយន្ដមួយគ្រឿងពេញមួយទំហឹង ដែលចតលើចិញ្ចើមផ្លូវ ដោយពុំបើកភ្លើងសញ្ញា បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ចំណុចច្រកចូលផ្ទះសំណាក់ឡាលីន លើផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ភឹម វិឆៃ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1V-0368 ។ ចំណែករថយន្ដម៉ាក ASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខ កំពត3A-0397 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួន ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើបានបើកឆ្លងផ្លូវពីស្ដាំមកឆ្វេង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ រថយន្ដឈប់ចតនៅលើចិញ្ចើមផ្លូវ ដោយពុំបានដាក់ភ្លើងសញ្ញាសម្គាល់នោះទេ ខណៈនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលក្រុងតាខ្មៅ បានចុះមកធ្វើការពិនិត្យវាស់វែង កសាងឯកសារដកហូតយកម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្ត ចតរថយន្តធ្វេសប្រហែស ដោយមិនដាក់ភ្លើងសញ្ញាឲ្យបានត្រឹមត្រូវ រីឯអ្នកបើកម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់