ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ចំណែកបុរសម្នាក់ទៀត បានរងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងម៉ូតូបុកជាមួយម៉ូតូ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៥៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សុង បេឡា ភេទប្រុស ២៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បើកបរម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ជាបុគ្គលិកអង្គការប្រាសាក់ និងជនរងគ្រោះដែលស្លាប់ឈ្មោះ តាន់ ឌឿន ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូឆាលី ។
លោកនាយនាយរងការិយាល័យបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ តាន់ ឌឿន គាត់បានបើកបរម៉ូតូ ម៉ាកឆាលី ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុផ្លូវបំបែក បានបត់ឆ្វេង ស្របពេលនោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកបរដោយឈ្មោះ សុង បេឡា បើកស្របទិសគ្នាពីក្រោយ បានទាក់និងដៃចង្កូត បណ្តាលឲ្យលោកតា តាន់ ឌឿន ដួលខ្ទាតទៅលើទ្រូងថ្នល់ ក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរទិសដៅពីកើតទៅលិចកិនចំពាក់កណ្តាលខ្លួនស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ ចំណែកឈ្មោះ តាន់ បេឡា ទៅលើចិញ្ចើមថ្នល់រងរបួសធ្ងន់បាក់ឆ្អឹងស្លាបប្រចៀវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងខូចខាតស្រាល សមត្ថកិច្ចបានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់