បន្ទាយមានជ័យៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចូលរួមជាមួយក្រុមការងារចម្រុះមន្ទីរជុំវិញខេត្ត មានមន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន និងអាជ្ញាធរដែនដីក្រុងប៉ោយប៉ែត បានចុះអនុវត្តច្បាប់ និងពន្យល់ណែនាំច្បាប់នៃការធ្វើពាណិជ្ជកម្មរបស់ជនបរទេសលើទឹកដីខ្មែរ ពិសេសក្រុងប៉ោយប៉ែត ដោយផ្តោតសំខាន់ទៅលើការចុះបញ្ជីសុំច្បាប់បើកអាជីវកម្មឬក្រុមហ៊ុន និងការលើកស្លាកយីហោដោយតម្រូវឲ្យម្ចាស់អាជីវកម្មបរទេសនោះត្រូវគោរពលក្ខខណ្ឌ៣យ៉ាង ទី១ អក្សរជាតិខ្មែរត្រូវធំជាងអក្សរបរទេស២ដង ទី២ ឈ្មោះហាងត្រូវមានន័យគ្រប់គ្រាន់ជាភាសាខ្មែរ និងមានសីលធម៌ ទី៣ ពាក្យជាភាសាខ្មែរត្រូវសរសេរឲ្យត្រូវតាមអក្ខរាវិរុទ្ធក្នុងវចនានុក្រមសម្តេចសង្ឃជួនណាត។
ក្រោយពីពន្យល់ណែនាំអាជីវករជាជនជាតិបរទេសរួចមក ម្ចាស់ហាងទាំងនោះយល់ព្រមធ្វើការកែប្រែឲ្យស្របតាមច្បាប់ប្រទេសកម្ពុជា និងសន្យានឹងផ្លាស់ប្តូរស្លាកយីហោដែលមិនត្រឹមត្រូវចោល និងបានអនុញ្ញាតឲ្យក្រុមការងារចម្រុះរុះរើស្លាកយីហោដែលសរសេរខុសចោល៕
មតិយោបល់