ពោធិ៍សាត់ៈ យោងតាមផេកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឲ្យដឹងថា ភ្នំទំព័រ ជាភ្នំដែលខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ភ្នំទំព័រស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ មានចម្ងាយប្រមាណ ១១៤គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ និងចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រ ពីភ្នំពេញ។
កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០១៩ ក្រុមឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំការនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស បានជូនក្រុម “អ្នកដើរព្រៃ” ដែលបានទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុប ២៧នាក់ ស្រី១៣នាក់ អន្តរជាតិ ០២នាក់ ដើម្បីឡើងខ្នងភ្នំចំនួន០៦ សិក្សាស្វែងយល់ពីធនធានធម្មជាតិ ទេសភាពកណ្តាលព្រៃភ្នំ ការបោះតង់ក្នុងព្រៃ សហគមន៍ភ្នំទំព័រ និងបទពិសោធន៍ដ៏មានន័យជាច្រើនទៀត។
លើសពីនេះ សកម្មភាពទេសចរណ៍ផ្សងព្រេងធម្មជាតិ បានរួមចំណែកដល់ការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន និងផ្តល់ជាកម្លាំងចិត្តគាំទ្រផងដែរ។ គួររំលឹកផងដែរថា ក្រុម “អ្នកដើរព្រៃ” ធ្លាប់បានដឹកនាំភ្ញៀវទេសចរណ៍ ឡើងកំពូលភ្នំទំព័ររួចម្តងហើយ កាលពីថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០១៩៕
មតិយោបល់