ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតជាង៣០ម៉ែត្រ បណ្ដាលឲ្យម្ចាស់ភោជនីយដ្ឋានយីហោយ៉ាំយ៉ាំ ជាជនជាតិចិនរងរបួស

ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងយ៉ាងលឿន បានជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀម ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅមុខជាង៣០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានយីហោយ៉ាំយ៉ាំ ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កខាងលើម៉ាក ហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BB-1298 បើកបរដោយបុរសម្នាក់ ជាជនជាតិចិន តាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុរថយន្តបង្ក ក៏ព្យាយាមបើកវ៉ាជែងទៅខាងស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀត ម៉ាកTOYOTA Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-5658 ដែលកំពុងឈប់ចតស្ងៀម នៅមុខភោជនីយដ្ឋានយីហោយ៉ាំយ៉ាំ ដោយអ្នកបើកបររថយន្ត បានចុះពីរថយន្តទៅឈរជជែកគ្នា ជាមួយនិងម្ចាស់ភោជនីយដ្ឋាន យ៉ាំយ៉ាំខាងលើ នៅក្បែររថយន្ត បណ្តាលឲ្យបុកចំពីក្រោយពេញទំហឹងខ្ទាតរថយន្តរងគ្រោះ ទៅមុខជាង៣០ម៉ែត្រ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ និងបុកបុរសជាជនជាតិចិនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានខាងលើ រងរបួសរយះកែងជើងស្តាំ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងមុខធ្លាយព្រេងហូរពេលផ្លូវ។

ក្រោយពេលកើតហេតុក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពរស្មី ដឹកយកទៅសង្គ្រោះភា្លមៗ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចក៏មានដំណាងខាងភាគីរថយន្តបង្ក បានចូលខ្លួនមកធ្វើការចរចាសម្របសម្រួល ដោយដឹងដឹងកំហុស និងមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមយករថយន្តរងគ្រោះទៅជួសជុល និងចេញថ្លៃព្យាបាលរបួសឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕

មតិយោបល់