ព័ត៌មានជាតិ

បុរសម្នាក់ ចូលអុកទ្បុក និងវាយបំផ្លាញទ្រព្យសម្បត្តិគេ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់អុកស្រីម្នាក់ ច្របាច់.ក ហើយក៏រត់ចូលទៅសំងំបន្ទប់ ក្នុងផ្ទះប្រជាពលរដ្ឋ ដោយចាក់គន្លឹះទ្វារ ហើយវាយបំផ្លាញទ្រព្យសម្បត្តិគេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខដីបឹងកក់ ផ្លូវចូលជិតមន្ទីរពេទ្យកាល់ម៉ែត្រ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើ បានផ្លោះរបងចូល ក្នុងបរិវេណផ្ទះរបស់នារីរងគ្រោះ ដោយបានដើរសំដៅទៅបន្ទប់យាយរបស់នារីរងគ្រោះ ហើយគោះទ្វារ និងចាប់ទាញយាយរបស់នារីរងគ្រោះ ចេញមកក្រៅរួចចាក់គន្លឹះទ្វារជាប់។ បន្ទាប់មកបានវាយបំផ្លាញសម្ភារៈផ្សេងៗ ក្នុងបន្ទប់បណ្ដាលឲ្យខូចខាតអស់ជាច្រើនផងដែរ។

ខណៈពេលនោះ យាយរបស់នារីរងគ្រោះ បានស្រែកឆោឡោហៅបងប្អូនកូនក្មួយឲ្យជួយគាត់ផង ព្រោះមានចោររត់ចូលក្នុងបន្ទប់គាត់ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងស្រែកឆោឡោ មកជួយចាប់ តែជនសង្ស័យបានចាក់គន្លឹះទ្វារពីក្នុងជាប់ ទើបរាយការណ៍ប្រាប់កម្លាំងល្បាត ចុះមកជួយអន្តរាគមន៍ និងគាស់ទ្វារចូលចាប់ខ្លួនបាន៕

មតិយោបល់