ព្រះសីហនុៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ដោយយោងតាមសមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រពន្ធបានដាក់ថ្នាំបំពុលសម្លាប់ប្តីនិងកូនរួចធ្វើអត្តឃាតខ្លួនឯងតាមក្រោយបណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍ខាងលើបានកើតឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០នឹង១០នាទី នៅចំណុច ផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ បានទទួលព័ត៌មានថា នៅផ្ទះជួលរបស់ឈ្មោះ យ៉ាន់ សុផុន ភេទស្រី អាយុ៦៥ឆ្នាំ មានមនុស្សដេកស្លាប់ក្នុងផ្ទះជួល ដែលមានចាក់សោរជាប់ពីខាងក្នុង។ ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុឃើញថាទ្វារផ្ទះត្រូវបានម្ចាស់ផ្ទះជួល និងសាច់ញ្ញាតិជនរង គ្រោះ ព្រមទាំងប្រជាពលរដ្ឋកំពុងនាំគ្នាគាស់ រួចចូលទៅក្នុងផ្ទះ ឃើញមានមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុកនិងកូនស្រី) ចំណែកម្តាយនៅមានដង្ហើម ក៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក្រោយមកបានស្លាប់ នៅវេលាម៉ោង២៣នឹង២០នាទី។
សមត្ថកិច្ចបន្ថែមថាជនរងគ្រោះទី១-ឈ្មោះ ខេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មេការជាងកញ្ចក់ ត្រូវជាប្តី(ស្លាប់), ទី២-ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់) និងទី៣-ឈ្មោះ ម៉ឹង សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត )។
តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ជាបឋម កម្លាំងជំនាញបានសន្និដ្ឋានជំហ៊ានដំបូងថាជាករណីធ្វើអត្តឃាត (អាចកើតឡើងដោយសារប្រពន្ធ ដាក់ថ្នាំពុលសម្លាប់ប្តីនិងកូន រួចធ្វើអត្តឃាតខ្លួនឯងជាក្រោយ) ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះរស់នៅមិនសូវចុះសម្រុងនឹងគ្នាឡើយ។
បច្ចុប្បន្នសាកសព បានយកទៅតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ដើម្បីបន្តតាមនីតិវិធី ៕
មតិយោបល់