ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែកាបនៅលើបង្គោលភ្លើង

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាត់ខ្សែកាប ដែលនៅលើបង្គោលភ្លើង តាមដងផ្លូវកាលពីវេលាម៉ោង ១និង២៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលខាងមុខភោជនីយដ្ឋានBBQ កូរ៉េហ្គូង តាមបណ្ដោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ ផុច ចាន់ធ៊ិក អាយុ៣៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលពួកគាត់ កំពុងតែដេកលង់លក់នៅខាងក្នុងផ្ទះ ស្រាប់តែឮសំឡេងក្តូងក្តាំងនៅលើដំបូងផ្ទះស័ង្កសីរបស់គាត់។

មួយស្ទុះក្រោយមក គាត់បានចេញមកមើល ក៏ស្រាប់តែឃើញខ្សែកាបទំហំមួយខ្សែ បានដាច់ធ្លាក់ចុះមកលើដី ខណៈនោះជនសង្ស័យ ក៏បានទម្លាក់កន្ត្រៃចុះ រួចក៏ដើរចេញពីកន្លែងកើតហេតុ ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់។ ភ្លាមៗនោះក៏ត្រូវប្រជាពលរដ្ឋនាំគ្នា ដេញឃាត់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកធ្វើការអន្តរាគមន៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឡើងកាត់ខ្សែការពារ ដែលនៅលើបង្គោលភ្លើង តាមដងផ្លូវប្រាកដមែន។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់