ព័ត៌មានជាតិ

កឺៗចុះពីយន្តហោះមិនទាន់បាត់ក្តៅគូទផង ត្រូវលោកចោរឆក់កាបូបទៅបាត់

ភ្នំពេញ: ជនជាតិចិនគ្នា២នាក់ ទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បី គ្រាន់តែផុតពីរបងព្រលាន ត្រូវបានលោកចោរ ជិះម៉ូតូមកឆក់កាបូបស្ពាយចំហៀងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខស្តុបព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាជនជាតិចិន ចំណែកសម្ភារ:បាត់បង បើតាមកាយវិការ ជនរងគ្រោះ បាត់លុយ លិខិតឆ្លងដែន និងឯកសារផ្សេងៗ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិន ២នាក់ ជិះម៉ូតូកង់បី ទើបចេញផុតពីរបងព្រលាន ឡើងលើផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមកអែបខាងស្តាំម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនជាតិចិនម្នាក់ បានសម្រេច ជិះគេចខ្លួនទៅបាត់ ។

តាមកាយវិការបស់ជនរងគ្រោះ ព្រោះមិនអាចទំនាក់ទំនង ភាសារកើត ជនរងគ្រោះបង្ហាញ ថាខ្លួនទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បី ទៅរកផ្ទះសំណាក់ គ្រាន់តែម៉ូតូកង់បី បត់ឡើងផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យ ឆក់យកកាបូបស្ពាយចំហៀងទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ សាកសួរ ពិនិត្យដល់ចំណុចកើតហេតុ រួចនាំជនរងគ្រោះទៅប៉ុស្តិ៍កាកាប២ រងចាំរកអ្នកបកប្រែ មកជួយ ទំនាក់ទំនង ដើម្បីដាក់ពាក្យបណ្តឹង ៕

មតិយោបល់