ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ បានសម្រេច ខណៈចតទុកបន្ទប់ខាងក្រោមហើយ ទៅដេកបាត់នៅបន្ទប់ខាងលើ កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យបានយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូមួយកន្លែង រហូតវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២១ ខែឆ្នាំដដែលទើបនគរបាលស្រាវជ្រាវឃាត់បានតែម្តង។
ជនសង្ស័យឈ្មោះ សែ ច័ន្ទតារា ហៅយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ កាន ធូ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកប្រពន្ធឈ្មោះ ធីវ ស្រីយ៉ា អាយុ ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-7252 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ រូបគាត់បានជិះម៉ូតូមកពីធ្វើការ រួចបានទុកម៉ូតូនៅបន្ទប់ជួលខាងក្រោម រួចឡើងទៅសម្រាកនៅជាន់លើ រហូតព្រឹកថ្ងៃទី២១ខែឆ្នាំដដែល ពេលរូបគាត់ចុះមកយកម៉ូតូទៅធ្វើការស្រាប់តែបាត់មិនដឹងទៅណា។
សាក្សីបានបន្តថា ភ្លាមនោះរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីជួយអន្តរាគមន៍ និងឆែកតាមប្រព័ន្ធGPS រកឃើញម៉ូតូនៅកន្លែងផ្ញើម៉ូតូមួយកន្លែង ពេលនោះកម្លាំងនគរបាលចាំមើលអ្នកមកយកម៉ូតូរបស់ជនរងគ្រោះ។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីថ្ងៃទី២១ ទើបឃើញជនសង្ស័យចូលមកយកម៉ូតូនោះ ទើបនគរបាលឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់