ភ្នំពេញ៖ យោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុក នៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ “គំនិតផ្តួចផ្តើមរបស់ឯ.ឧ.ទេស.ស៊ុន ចាន់ថុល តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងផ្តល់លទ្ធផលជាផ្លែផ្កា” សកម្មភាពក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យរថយន្តមានភាពមិនប្រក្រតី ត្រូវបានឃាត់ទុកមួយចំនួនក្នុងចំណោមជាង ៥០០គ្រឿង។
បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។
ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃលើភាពមិនប្រក្រតី នៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានស្លាកលេខ ពាក់ស្លាកលេខក្លែងក្លាយ ពាក់ស្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម…។ល។
ជាមួយនឹងគំនិតផ្តួចផ្តើមដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការជ្រោមជ្រែងពីឯកឧត្តមអគ្គបណ្តិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្កើតក្រុមការងារបន្ទាប់ពីដាក់ឲ្យដំណើរការជាផ្លូវការនូវការ តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយាយយន្ត និងទិន្នន័យពន្ធនាំចូលយានយន្ត ទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធ។
ជាមួយនឹងកិច្ចសហការដ៏ល្អរវាងស្ថាប័នទាំងពីរបានផ្តល់នូវលទ្ធផលជាវិជ្ជមានជាច្រើន ដូចជាកាចុះបញ្ជីយានយន្តមានរយៈពេលខ្លី រហ័ស ធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ច ទប់ស្កាត់ និងចាប់រថយន្តមិនបង់ពន្ធនាំចូល បង្កើនប្រសិទ្ធភាពការអនុវត្តការប្រមូលពន្ធនាំចូលយានយន្ត និងបង្កើនចំណូលថវិកាជាតិ។
សូមជម្រាបជូនថា រថយន្តដែលត្រូវបានឃាត់ទុកនោះមានជាង៥០០គ្រឿង ក្នុងនោះជាង២០០គ្រឿង ត្រូវបានចាប់ដោយគយចល័ត ព្រោះមានទិន្នន័យ កំណត់គោលដៅច្បាស់លាស់ពីប្រព័ន្ធបច្ចេកវិទ្យាក្រសួង សាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋគយ និងរដ្ឋាករកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះក៏បានចូលរួមធ្វើឲ្យចំណូលពន្ធនាំចូលយានយន្ត មានការកើនឡើងប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ៕
មតិយោបល់