ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង លុះកម្លាំងល្បាតដល់ចំណុចក្លឹបកំសាន្ត REC ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញយុវជនម្នាក់ (ជនជាតិចិន) ហាក់មានស្ថានភាពគួរឲ្យសង្ស័យ កម្លាំងល្បាតបានឃាត់សួរនាំ និងធ្វើការឆែកឆេរឃើញមាន៖ -គ្រឿងញៀនកេតាមីន(ខេហិត) ចំនួន ០៣កូនថង់ ស្មើ ២.៣៨ក្រាម
-គ្រឿងញៀន YSL ពណ៌លឿង ប្រភេទថ្នាំគ្រវី ចំនួន ០៥គ្រាប់ ស្មើ ២.៥៩ក្រាម
-ប្រាក់ថៃ ចំនួន ២.០០០បាត
-ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
-នាមប័ណ្ណ ចំនួន ៤៥សន្លឹក ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉េ ឆេងជីន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចជំនាញក្រុងប៉ោយប៉េត ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ ។
ក្រោយពីការសាកសួរចម្លើយ រួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនយកមកសម្រាប់ប្រើប្រាស់ផង និងចែកចាយបន្តឲ្យជនជាតិចិនដូចគ្នាថែមទៀត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា បញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយ នៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់