ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿង បើកបំពានភ្លើងស្តុប ត្រូវបានរថយន្តព្រូស បុកបណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រស៊េរីទំនើប ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងទៀត ព្រមទាំងបុករបងវត្តមហាមន្ត្រី រងខូចខាត កាលពីវេលា ម៉ោង១ និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១៦៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញរថយន្ត ស៊េរំទំនើបមួយគ្រឿង ម៉ាកសឺដេស S350L ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BF-0069 បានធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយបំពានភ្លើងស្តុប ក៏មានរថយន្តព្រូសមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AZ-5433 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំកង់រថយន្តម៉ាកសឺដេសពីក្រោយ ផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកសឺដេស ខ្ទាតទៅប៉ះរថយន្តឡង់ស័រស៊រីទំនើប មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-4676 ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីត្បូងទៅជើងចំកាងពីមុខខាងឆ្វេង រងការខូចខាតតិចតួច ចំណែករថយន្តម៉ាកសឺដេសខ្ទាតទៅបុករបងវត្តមហាមន្ត្រីបន្ថែមរងការខូចខាត យ៉ាងដំណំ។
ក្រោយកើតហេតុ ភាគីខាងរថយន្តឡង់គ្រឺស័រ ស្លាកលេខខេមរភូមិន្ទ មិនចង់មានរឿងវែងឆ្ងាយ បានបើកចេញទៅបាត់បន្សល់ទុករថយន្តព្រូស និងរថយន្តម៉ាកសឺដេស ឲ្យសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕







មតិយោបល់