ភ្នំពេញៈ យុវជន២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជ្រុលទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យដួលអូសប្រហែល១០ម៉ែត្ររងរបួសធ្ងន់ស្រាល៥នាក់ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូបង្ករម៉ាក ហុងដាឌ្រីមឆ្នាំ២០០៦ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1B-5734 ជិះដោយបុរស២នាក់ឌុបគ្នា ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីមឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CB-4070 ជិះឌុបគ្នា៣នាក់ ទាំងជនរងគ្រោះនិងជនបង្ករសុទ្ធតែមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។
បើយោងតាមសម្តីរបស់ជនរងគ្រោះម្នាក់ដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូឌុបគ្នា៣នាក់បងប្អូន(ប្រុសទាំងអស់)តាមបណ្តោយផ្លូវR6ក្នុងទិសដៅពីត្បូងទៅជើង លុះពេលជិះដល់ពាក់កណ្តាលផ្លូវ(ក្បែរតារាងបាល់ទាត់ស្មៅសុប្បនិមត្ត) រូបគេដែលអង្គុយនៅពីក្រោយគេបានឃើញម៉ូតូបង្ករជិះឌុបគ្នា២នាក់ក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ ឃើញសភាពមិនស្រួលរូបគេបានប្រាប់ប្អូនប្រុសគេថា កុំជិះក្បែរម៉ូតូស្រវឹងហ្នឹងអីខ្លាចមានគ្រោះថ្នាក់ ជិះទៅឲ្យឆ្ងាយទៅ ។ គ្រាន់តែនិយាយរួចមិនបានប៉ុន្មានផងស្រាប់តែម៉ូតូបង្ករបានជិះមកឆាបដៃចង្កូតខាងឆ្វេងរបស់គេបណ្តាលឲ្យដួលទីងណាត់ទីងណែង អូសប្រហែល១០ម៉ែត្ររបួសពាសពេញផ្លូវតែម្តងទៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនទាំងអស់ រីឯអ្នករបួសស្រាលមិនបានទៅទេ ចំណែកម៉ូតូទាំង២ត្រូវបានសម្ថកិច្ចចុះមកវាស់វែងយុំទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់