ព័ត៌មានជាតិ

បុរសម្នាក់ ប្រើប្រាស់កាំភ្លើងកែច្នៃ ផ្ទុះធ្លាយគូទ ខ្ទាតចំភ្នែក រងរបួសធ្ងន់

ឧត្តរមានជ័យ:បុរសម្នាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ភ្លាមៗ ក្រោយការរងរបួសដោយសារ ធ្លាយគូទកាំភ្លើងឆ្នុកដូង ប្រភេទអាវុធកែច្នៃ ខុសបច្ចេកទេស ត្រូវចំខ្លួនឯង ខណៈពេលកំពុងបរបាញ់សត្វក្នុងព្រៃ។

ហេតុការណ៍កើតឡើង នៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នេះ ស្ថិតនៅក្នុងព្រៃមួយកន្លែង ជាប់នឹងតំបន់ព្រៃស្អាក់ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋកំពុងធ្វើចំការ ខណៈពេលជនរងគ្រោះ បានស្រែកដង្ហោយហៅឱ្យគេជួយ បន្ទាប់ពីគ្រាប់កាំភ្លើងច្នៃ ត្រូវចំខ្លួនឯង។

ជនរងគ្រោះឈ្មោះ បោ ត្រា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុង ភូមិឃុំកើតហេតុ ខាងលើ។

ប្រពលរដ្ឋ បានរៀបរាប់ថា លឺសំលេងជនរងគ្រោះ ស្រែកហៅឱ្យគេជួយ នៅក្នុងព្រៃ ដែលនៅក្បែរខ្ទមចំការ ហើយក៏រត់ទៅមើល ឃើញឃើញជនរងគ្រោះ ឈរស្រែកបិទភ្នែកទាំងពីរ ព្រមទាំងមានឈាមហូរពេញផ្ទៃមុខ ហើយនៅក្បែរជនរងគ្រោះ ក៏មានកាំភ្លើងឆ្នុកដូង ប្រភេទច្នៃ ចំនួន ១ដើម។ ភ្លាមៗនោះ ក៏ជួយនាំជនរងគ្រោះទៅផ្ទះ ដើម្បីឱ្យសាច់ញាតិ នាំយកបន្តទៅមន្ទីរពេទ្យ។

លោក ហើន សំប៉ោន នាយការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា តាមការធ្វើកោសលវិច័យ នៅពេលជនរងគ្រោះ បានរងរបួស នៅពេលធ្វើសកម្មភាពបាញ់សត្វ ដែលគ្រាប់កាំភ្លើង បានខ្ទាតចេញតាមគូទក្រោយ ដោយសារតែដាច់សន្ទះគំរបកាំភ្លើងខាងក្រោយ ទើបបណ្តាលឱ្យជនរងគ្រោះ រងរបួសចំភ្នែកខាងស្តាំ ហើយគ្រាប់ធ្លាយមកបៀម នៅថ្គាមខាងស្តាំ ផ្នែកកញ្ចឹងករក្រោយដូច្នេះ៕

IMG_2390 IMG_2393 IMG_2394IMG_2391IMG_2395

មតិយោបល់