ភ្នំពេញៈ ម្តាយកូនពីរនាក់ បានរងរបួសយ៉ាងដំណំ បន្ទាប់ពីជិះម៉ូតូធូដេមួយគ្រឿងតាមដងផ្លូវ ស្រាប់តែត្រូវក្រុមចោរ ធ្វើសកម្មភាពឆក់កាបូប បានសម្រេច បណ្តាលឲ្យដួល កាលពី១១យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តកោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនិងផ្លូវ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម្តាយ និងកូនស្រីខាងលើ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ1GI-0524 ធ្វើដំណើរដឹកគ្នា តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមចោរមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកមកតាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះពីរនាក់ម្តាយកូនខាងលើ បានសម្រេចបបណ្ដាលឲ្យម៉ូតូជនរងគ្រោះដួល រងការខូចខាត និងបណ្តាលឲ្យស្ត្រីជាម្តាយរងរបួសបែកមុខបែកមាត់ បាត់បង់ស្មារតី រីឯកូនស្រីរងរបួសស្រាល។ ដោយឡែកក្រុមចោរក៏បានបន្ថែមល្បឿន បើកម៉ូតូគេចខ្លួនបាត់ស្រមោល ភា្លមៗ ដោយសុវត្ថិភាព។
ក្រោយមកក៏មានរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត្រ និងរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន បានមកដល់កន្លែងកើតហេតុ ប៉ុន្តែជនរងគ្រោះ មិនព្រមឡើងទៅធ្វើការព្យាបាលនោះទេ ដោយរង់ចាំទាក់ទងទៅសាច់ញាតិ ឲ្យមកទទួលយកទៅព្យាបាល។
តាមការបញ្ជាក់ពីជនរងគ្រោះ បានអះអាងថា ទ្រព្យសម្បត្តិនៅក្នុងកាបូប ដែលត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទៅនោះ គឺមានទូរស័ព្ទមួយគ្រឿង និងលុយដុល្លារមួយចំនួនប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះ ក៏បានមកដល់កន្លែងកើតហេតុ ហើយក៏បានជិះម៉ូតូរបស់ជនរងគ្រោះ និងដឹកជនរងគ្រោះតាមម៉ូតូបីយកទៅព្យាបាល ដោយមិនបានទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ៕
មតិយោបល់