ព័ត៌មានជាតិ

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យអញ្ជើញសួរសុខទុក្ខ និងជូនថវិកា៣លានរៀលដល់មន្ត្រីនគរបាល២រូប ជួបគ្រោះថ្នាក់ពេលបំពេញភារៈកិច្ច!

ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ ចំនួន២រូបបានរងរបួស ម្នាក់របួសបាក់ស្មា និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូប្រដេញជនសង្ស័យចោរប្លន់ តែត្រូវក្រុមចោរកៀរម៉ូតូ បណ្តាលឲ្យដួលរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នេះ។

ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងក្នុងខណ្ឌទាំងមូល នៅព្រឹកថ្ងៃទី២៥ នេះដែរ លោកអធិការនគរបាលខណ្ឌ រួមនឹងកងកម្លាំងក្រោឱវាទ ចុះទៅសាកសួរសុខទុក្ខ និងប្រគល់ជូនថវិកា ផ្ទាល់ខ្លួននិងប្រមូលបានក្នុងខណ្ឌ សរុប៣លានរៀល មកមន្ទីរពេទ្យលោកសង្ឃ ជូនមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅរងគ្រោះទាំង២រូប ទុកគ្រាន់ដោះស្រាយបញ្ហាបានមួយចំណែក។

នគរបាលរងរបួសទាំង២រូបនោះ ទី១ឈ្មោះ ព្រិន្ទបាល វី វិន រងរបួសស្រាល ប៉ុន្តែនៅដួលភ្លាមសន្លប់។ បច្ចុប្បន្នសម្រាក ព្យាបាលនៅផ្ទះ ។ និងទី២ឈ្មោះ ផេង ចាន់ថុន រងរបួសបាក់ស្មាខាងស្តាំ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោក សង្ឃ។

សូមជំរាបថា នៅយប់មុនពេលកើតហេតុ ដែលនគរបាលទាំង២រងគ្រោះនេះ គឺមានប្រជាពលរដ្ឋមកប្តឹងសមត្ថកិច្ច ថា ត្រូវក្រុមចោរប្លន់យកម៉ូតូ ម៉ាកស៊ូមម័រ នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ស្របពេលនោះ នគរបាលទាំង២កំពុងតែល្បាតនៅចំណុចនោះស្រាប់តែបានលឺមេៗប្រកាសតាម ID ទើបឃើញជនល្មើសដូចភិនភាគប្រកាស ក៏ចាប់ផ្តើមប្រដេញតាមក្រោយ និងប្រកូកប្រកាសតាមID រហូតមកដល់ចំណុច ហួសរង្វង់មូលចោមចៅ មុខព្រលានយន្តហោះ ស្រាប់តែម៉ូតូរបស់នគរបាលទាំង២ ត្រូវម៉ូតូក្រុមចោរកៀរធាក់ផ្តួលរងរបួសធ្ងន់បែបនេះតែម្តង។ រួចក្រុមចោរគេចខ្លួនបាត់អស់ ព្រោះបាត់ដានរកមិនឃើញ។

ក្រោយមកក៏ត្រូវរថយន្តគ្លីនិកឯកជនរស្មីនៅទល់មុខព្រលានយន្តហោះ ដឹកទៅសង្គ្រោះ អស់ជាង១០០ដុល្លា ទើបបញ្ចូនទៅសង្គ្រោះបន្តទៅមន្ទីរពេទ្យព្រះកុសុមៈវិញ៕

មតិយោបល់