ព័ត៌មានជាតិ

រថយន្តទំនើប២គ្រឿងវ៉ាជែងគ្នា បណ្តាលឲ្យបុកចិញ្ចើមផ្លូវ ដើមឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវ រងការខូចខាត

ភ្នំពេញ: ក្មេងស្ទាវ២ក្រុម បើករថយន្ត២គ្រឿង បោះពួយយ៉ាងលឿន វ៉ាជែងគ្នា ជ្រុលទៅបុកចិញ្ចើមផ្លូវ រួចហោះទៅបុកដើមឈើបាក់អស់មួយដើម និងបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នកណា រងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវR៥ កែងនិងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមក្មេងស្ទាវមានស្រីមានប្រុស បើកបររថយន្តម៉ាក MITSUBISHI BAJERO SPORT ពណ៌កណ្តុលប្រម៉េះ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4491 និងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក។

យោតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញ ក្មេងស្ទាវ២ក្រុម បើករថយន្តស៊េរី ទំនើបៗ ២គ្រឿង ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវR5 ក្នុងល្បឿនលឿនដូចហោះ វ៉ាជែងគ្នា ខណ:មកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានរ៉េចង្កូតមកខាងស្តាំដៃជ្រុល ទៅបុកចិញ្ចើមផ្លូវ ហោះទៅបុកដើមឈើ បណ្តាលឲ្យបាក់អស់មួយដើម និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង រងការខូចខាតក្រពឹត អស់មួយដើមទៀត។

ចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ហើយរថយន្តមួយគ្រឿងទៀត បានបើករត់បាត់ស្រមោល ករណីនេះ ពុំមាននណាម្នាក់ រងរបួស ឬក៏ស្លាប់នោះទេ។

ក្រោយកើតហេតុភាគីរថយន្តបង្ក បានដោះស្រាយជាមួយម្ចាស់ក្រុមហ៊ុន សងសំណងរាល់ការខូចខាត បញ្ចប់រឿងតែម្ដង៕

មតិយោបល់