ព័ត៌មានជាតិ

ជិះម៉ូតូ ទៅបុករថយន្តគេ មិនចង់វែងឆ្ងាយ បញ្ចប់ត្រឹមសំណង៧០ដុល្លារ!

ភ្នំពេញៈ ដោយសារតែការបើកបរលឿននិងខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែកជាបួន ទើបបង្កឲ្យម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវ៣៧១សឡា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0050 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវ២០០៤ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក សង់ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BO-5593 ដែលបើកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរពីក្រោយ តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតបាក់កញ្ចក់មើលក្រោយនិងកំពិតទ្វារផ្នែកខាងមុខចំហៀងខាងស្តាំ ។ ចំណែកឯម៉ូតូរងការខូចខាតបាក់ខ្នងកង់ខាងមុខ។ រីឯអ្នកបើកបររងរបួសស្រាលទាំង២នាក់។

ក្រោយពេលកើតហេតុដោយភាគីខាងម៉ូតូមិនចង់មានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន៧០ដុល្លារឲ្យទៅភាគីខាងរថយន្តដើម្បបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់