ព័ត៌មានជាតិ

មន្ទីរនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស (ក3) ចុះឆែកឆេទីតាំងបាន់នីបារ Bunny Bar បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនស្ត្រី៩នាក់ រួមទាំងម្ចាស់ទីតាំងជាបុរសជនជាតិអូត្រាលីម្នាក់

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារបារាំង លួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន បម្រើការងារ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) បញ្ជូនឡើងរថយន្តនាំទៅសាកសួរទាំងយប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបារមួយកន្លែងយីហោ បាន់នី បារ (Bunny Bar) ផ្ទះលេខ៩Eo ផ្លូវលេខ១០៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា ទីតាំងបារខាងលើ មានលួចបើកសេវាកម្មបម្រើផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន (អាយុក្រោម១៥ឆ្នាំ) បម្រើការងារ ទើបបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វើការស៊ើបអង្កេតអស់ រយៈពេលជាយូរមកហើយ ដោយនៅថ្ងៃកើតហេតុ បានសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល វត្តភ្នំ បើកការបង្ក្រាបតែម្តង ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរទីតាំងលួចលាក់ បង្កប់សេវាផ្លូវភេទ នេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្សសរុប ៩នាក់ ក្នុងនោះមាននារីចំនួន ៨នាក់ និងបុរសបរទេសម្នាក់ ជាម្ចាស់ហាង មានឈ្មោះ ចន (John) អាយុ៦១ឆ្នាំ រួចនាំឡើងរថយន្តបញ្ជូនទៅនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីធ្វើការសាកសួរបន្តទៀត។

បច្ចុប្បន្នជនប្រុសស្រីទាំង៩នាក់ រួមទាំងម្ចាស់ទីតាំងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីរង់ចាំធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់