ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ ដែលយកម៉ូតូគុបកញ្ចាស់ មកប្ដូរយកម៉ូតូឌ្រីមសង់

កណ្ដាល: ករណីអំពើលួច (ម៉ូតូ) កើតហេតុថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទី នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ រ៉ូន ស្រីយ៉ាស់ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។
ជនសង្ស័យឈ្មោះ ច្រិច ចិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ទឹកកក នៅភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿងម៉ាក Honda dream C125 ស៊េរីឆ្នាំ 2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-8236 មានលេខតួ-លេខម៉ាស៊ីន 9458420 (បានប្រគល់ជូនជនរងគ្រោះវិញ)
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបមូលចាស់គ្មានស្លាកលេខ
-ដែកលួសចំនួន១ មានប្រវែង ០៩ សង់ទីម៉ែត្រ ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូទៅតូបលក់សាច់គោរបស់កូននៅឯភូមិឃុំកើតហេតុ រួចក៏បានចតម៉ូតូទុកចោលនៅក្បែរនោះ លុះវេលាម៉ោង ៧និង២០នាទី ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបមូល ចាស់គ្មានស្លាកលេខ ដែលជារបស់រូបគេទៅដល់ចំណុចកើត ហេតុរួចទុកចោលធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ហុងដាឌ្រីមសង់ របស់ជនរងគ្រោះ ដោយផ្ដាច់ខ្សែភ្លើងម៉ូតូរួចយកដែកលួសតភ្ជាប់ចរន្តបញ្ឆេះជិះឆ្ពោះទៅទិសខាងជើង (ជ្រៃធំ-ភ្នំពេញ) ពេលជិះទៅដល់ផ្លូវចូលទៅវត្តព្រែកស្បូវ ជនសង្ស័យបានស្រាយកាងម៉ូតូទម្លាក់ចោលលួចជិះឆ្ពោះទៅ ដល់ចំណុចផ្សារកោះធំស្ថិតក្នុង ភូមិព្រែកថ្មី ឃុំព្រែកថ្មី ក៏ត្រូវបានបងប្អូនជនរងគ្រោះជិះម៉ូតូដេញតាម
ទាន់រួចជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន នៅពេលនោះសមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះបានស្វែងរក ហើយក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកោះធំ (ខ) ត្រួតពិនិត្យតាមរថយន្ដ បានឃើញជនសង្ស័យ ក៏ចាប់ឃាត់ខ្លួនបានតែម្តង៕

មតិយោបល់