ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX៣៣០ បុកម៉ូតូហុងដាឌ្រីមសង់ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ០១ករណី បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់(បាក់ជើងស្តាំ) ខូចខាតរថយន្តកម្រិតស្រាល០១គ្រឿង និងខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង បានកើតឡើងនៅចំណុចទល់មុខការ៉ាស់សាំងតេលា ផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។

ភាគីរថយន្តឈ្មោះ គីម ឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាក លុចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2AC-3676 ទិសដៅពីលិច ទៅកើត ។ ភាគីរងគ្រោះ ឈ្មោះ ជី ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-3026 រងរបួសបាក់ជើងស្តាំ ។

ក្រោយពេលសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុបានឱ្យដឹងថា មកពីកត្តាមនុស្សបើកបរមិនគោរពផ្លូវអាទិភាព ។

បច្ចុប្បន្ន ករណីខាងលើនេះ ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយ ៕

មតិយោបល់