ភ្នំពេញៈ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងដឹកកុងស្លាកេះ បោះពួយយ៉ាងលឿនមកដល់ចំណុចផ្លូវកោងដោយ បួងចង្កូតមិនប្រយ័ត្ន ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣នាទីទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ត្រង់ចំណុច ស្តុបតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តបង្កខាងលើ ម៉ាកហ្វូយហ្សូរ ពណ៌ស ជាប្រភេទរថយន្តកុងតឺន័រដឹកក្តារកុងស្លាកកេ ពាក់ស្លាកលេខ ភ្នំពេញ 3B-4390។ ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅមកពីស្តុប ណូគាឆ្ពោះទៅស្ពានអាកាស ៧មករា និងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចដែលផ្លូវមានស្ថានភាពកោងផ្គួបផ្សំ រថយន្តដឹកធ្ងន់ខ្លាំងពេកផង ហើយ ខណៈពេលដែលអ្នកបើកបរព្យាយាមបួងចង្កូត ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យរថយន្ដខ្លោងក្រឡាប់ផ្ងារជើង រងការខូចខាត ។ និង បណ្តាលឲ្យឃឿនដែលនៅខាងមុខផ្ទះ របស់ប្រជាពលរដ្ឋរងការខូចខាតបែកបាក់បន្តិចបន្តួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវ ច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់