ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ត្បូងឃ្មុំៈ កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មេមត់​ បាន​ចុះ​ធ្វើ​ការ​ល្បាត​ត្រួតពិនិត្យ​នៅ​ក្នុង​មូលដ្ឋាន​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ហើយ​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​២នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ព្រមទាំង​ធ្វើ​ការ​​ដក​ហូត​បាន​នូវ​វត្ថុតាង​មួយ​ចំនួន​ផង​ដែរ​ កាល​ពី​វេលាម៉ោង​៨និង​៤០នាទី​យប់​ ថ្ងៃ​ទី​២០​ កក្កដា​ ​ស្ថិត​ក្នុង​ភូមិ​ត្បូង​វត្ត​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​រួម​មាន៖​ ទី​១-ឈ្មោះ​វ័ន​ ជិនហ៊ី​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ នៅ​ភូមិ​ខ្នង​ក្រពើ​លិច​ ឃុំ​ជាំ​តាមៅ​ ស្រុក​មេមត់​។ ទី​២-ឈ្មោះ​វិត​ កាលី​ ហៅអូន​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ នៅ​ភូមិ​តាមៅ​កើត​ ជាំ​តាមៅ​ ស្រុក​មេមត់​។

ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​ សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១កញ្ចប់​ធំ​ និង​ម៉ូតូ​ចំនួន​២គ្រឿង​ជា​មធ្យោបាយ​ បម្រើ​ឲ្យ​បទ​ល្មើស​ផងដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២នាក់​រួម​ជាមួយ​និងវត្ថុតាង​ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មេមត់​ ដើម្បី​ធ្វើការ​សួរ​នាំ​ស្រាវជ្រាវ​រក​មេក្លោង​ ឬ​បក្ខពួក​មួយ​ចំនួន​ទៀត​៕


មតិយោបល់