ព្រៃវែងៈ នៅវេលាម៉ោង ១៩និង០០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិប្រថ្ម ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង លើកំណាត់ផ្លូវខេត្តលេខ៣១២ ក្បែរឃ្លោងទ្វារវត្តចាងណាង មានករណីជនមិនស្គាល់មុខបើកម៉ូតូកៀរទម្លាក់ផ្លូវ បណ្ដាលឲ្យនាយប៉ុស្តិ៍នរគបាលរដ្ឋបាលព្រះស្ដេចម្នាក់រងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ទុយ រ៉ន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង (នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្តេច) ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ មានម៉ូតូ ១គ្រឿងមិនស្គាល់ម៉ាក បើកលឿនដូចហោះពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានកៀរជាមួយម៉ូតូ១គ្រឿង ម៉ាក ZUSUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល1-8800 បើកដោយឈ្មោះ ទុយ រ៉ន ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យខាងម៉ូតូជនរងគ្រោះ ដួលបោកតែម្តង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ចំណែកឯជនបង្ក បើករត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់