ភ្នំពេញៈ ស្ត្រីម្នាក់ដែលតែងដើរបោកលុយតាមប្រព័ន្ធបើកប្រាក់វីង Wing និង ទ្រូម៉ានី True Money ត្រូវបាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួននិងបញ្ជូនទៅតុលាការថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយការប្រព្រឹត្តបទល្មើសជាក់ស្តែង និងយោងតាមបណ្តឹងជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ។
ស្ត្រីសង្ស័យឈ្មោះ ឃាង ស្រីណា អាយុ ៣៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រោយវត្តមហាមន្ត្រី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួលរបស់លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ សីហានេះថា ពាក្យបណ្តឹងដែលសមត្ថកិច្ចបានទទួលពាក់ព័ន្ធនឹងអំពើបោកប្រាស់នេះមានចំនួន៤ សរុបចំនួនទឹកប្រាក់២០,៩០០ដុល្លារអាមេរិក ដែលករណីនេះបានជំរុញការប្រញាប់ចុះធ្វើការស៊ើបអង្កេតតាមដាន និងបានឃាត់ខ្លួនស្ត្រីសង្ស័យក្បែរកន្លែងផ្ញើប្រាក់វីងមួយកន្លែងនៅជិតវត្តមហាមន្ត្រីក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមនាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ស្ត្រីសង្ស័យរូបនោះ ពេលធ្វើសកម្មភាពបោកបញ្ឆោតក្នុងកន្លែងបើកប្រាក់វីងឬ ទ្រូម៉ានី នៅកន្លែងណាមួយ គាត់តែងនិយាយបញ្ជាក់ប្រាប់ភ្នាក់ងារដកលុយនោះជាមុនថា គាត់ជាអ្នករស់នៅផ្ទះជិតនេះទេ ដែលការនិយាយនោះ គឺដើម្បីឲ្យភ្នាក់ងារបើកប្រាក់នោះ ទុកចិត្តនិងធ្វើប្រតិបត្តិការផ្ទេរប្រាក់ដាក់ទៅលេខទូរស័ព្ទ ០៩៦ ២៣៩ ៣១៨៦ ជាមុនដើម្បីទទួលបានវិក្កយបត្រ និងលេខកូដសម្ងាត់ ។ ក្រោយមកស្ត្រីដដែលនោះ ធ្វើជានិយាយទៀតថា គាត់ភ្លេចប្រាក់ និងចាំទៅយកប្រាក់ពីផ្ទះមកសិន ។ បន្ទាប់ពីបានលេខកូដសម្ងាត់នោះហើយ ស្ត្រីដដែលនោះគាត់បានហៅម៉ូតូឌុបជិះចេញទៅកន្លែង ផ្សេងធ្វើការដកប្រាក់ហើយគេចខ្លួនបាត់ ។ អ្នករត់ម៉ូតូឌុបនោះ បានសហការជាមួយសមត្ថកិច្ច ជុំវិញការឃាត់ខ្លួនជនសង្ស័យនេះនៅទីតាំងមួយកន្លែងរបស់វីងនៅជិតវត្តមហាមន្ត្រីក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ត្រីជនសង្ស័យ ឃាង ស្រីណា ត្រូវបានបញ្ជួនទៅតុលាការដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ។ ប្រធាន នាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនិងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវយ៉ាងដូច្នេះប្រាប់អ្នកកាសែត «ក្នុងនាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានិងបទបញ្ជា ក្រសួង និងអគ្គស្នងការនគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់មីក្រូហិរញ្ញវត្ថុនៅទីផ្សារបច្ចុប្បន្ន សូមឲ្យមានប្រុងប្រយ័ត្នទាំងអ្នកប្រើប្រាស់ ទាំងអ្នកម្ចាស់មីក្រូហិរញ្ញវត្ថុចំពោះជនខិលខូចដែលឆ្លៀតឱកាសយក បញ្ហានេះមកប្រើប្រាស់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គម បាត់ស្ថិរភាព បង្អាក់ការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ជាពិសេសគឺការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសមានការរីកចម្រើន រុងរឿង និងស្ថិរភាពដល់បច្ចុប្បន្ននេះ ។ មានតែយើងទាំងអស់គ្នាទេជាមួយសមត្ថកិច្ចជាបង្អែកដែលត្រូវរួមគ្នាកម្ចាត់ និងបំបាត់ចោលនូវជនខិលខូចទាំងអស់នោះ៕
មតិយោបល់