កណ្ដាលៈ កម្មការិនីរោងចក្រកាត់ដេរចំនួន៦០នាក់ក្នុងក្នុងនោះមាន៣៦នាក់បានរងរបួសករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរវាងរថយន្តកូរ៉េ១គ្រឿងមានដឹកកម្មករទៅធ្វើការហើយជ្រុលទៅបុកជាមួយគ្រឿងចក្រឈូសឆាយនិងកៀរដី១គ្រឿងទៀតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥១ក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
រថយន្តមួយគ្រឿងដឹកកម្មករចំនួនជាង៦០នាក់ម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះសុខ វ៉ាត អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិស្ដុកតោលថ្មី ឃុំច័ន្ទតាសែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានរងរបួស។
រីឯគ្រឿងចក្រឈូសនិងកៀរដីផ្លូវមួយគ្រឿងខាងលើបើកបរដោយបុរសម្នាក់ឈ្មោះតេង សុខគា អាយុ៣៤ឆ្នាំស្នាក់នៅភូមិត្រពាំងឯក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តមួយគ្រឿងខាងលើមានដឹកកម្មការិនីចំនួនជាង៦០នាក់ធ្វើដំណើរចេញពីឃុំច័ន្ទតាសែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទៅធ្វើការនៅរោងចក្រម្ដុំផ្សារថ្នល់ទទឹងស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមប្រភពដដែលបានបន្តថារថយន្តដឹកកម្មករខាងលើបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយអ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្នហើយរវល់តែងាកមើលឆ្វេងស្ដាំលុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុកជាមួយគ្រឿងចក្រកំពុងឈូសនិងកៀរដីផ្លូវមួយគ្រឿងបណ្ដាលឲ្យកម្មការិនីចំនួន៣៦នាក់រងរបួសធ្ងន់និងស្រាលតែម្ដងចំណែកឯបុរសអ្នកបើកបររថយន្តបង្កក៏បានរងរបួសផងដែរបន្ទាប់មកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយចំនួនស្ថិតនៅក្បែរកន្លែងកើតហេតុនោះ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលបានចុះទៅកាន់កន្លែងកើតហេតុរួចបាននាំទាំងរថយន្តបង្កនិងគ្រឿងចក្រទៅរក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួលរង់ចាំការដោះស្រាយតាមច្បាប់តាមនិតិវិធី៕
មតិយោបល់