ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើប មួយគ្រឿង បោះពួយយ៉ាងលឿន ខណៈដែលមេឃកំពុងតែធ្លាក់ភ្លៀង ខ្វះប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកខឿនសួនច្បាររង្វង់មូលព្រហ្មមុខបួន និងឡើងទៅបុកបង្គោលភ្លើង បំភ្លឺមួយទៀត កាលពីវេលាម៉ោង២ និង១០រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួនតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ដែលប្រចាំការនៅជិតកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កមួយគ្រឿង ម៉ាក FORDRAPTOR ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-8882 បើកបរដោយបុរសពីរនាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយស្ពានជ្រោយចង្វារចាស់ ទិសដៅចេញពីភ្នំពេញក្នុងល្បឿនយ៉ាងលឿន។
មកដល់ចំណុចរង្វង់មូលកើតហេតុ ស្រាប់តែរថយន្តបង្កបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនសួនច្បាររង្វង់មូល បណ្តាលឲ្យបាក់បែកអស់ចំនួន២ផ្ទាំង។ ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តឡើងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលនៅខាងលើសួនច្បាររង្វង់មូលចំនួនមួយដើម បាក់ទ្រេតដល់ដី។ ចំណែកឯរថយន្តបង្ក បានរងការខូចខាតក្រពឹតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ភ្លាមៗក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំងពីរនាក់ ក៏ប្រញាប់ប្រញាល់ ប្រមូលសម្ភារៈនៅក្នុងរថយន្តបង្ក យកទៅដាក់ក្នុងរថយន្តរបស់គ្នីគ្នាមួយគ្រឿងទៀត ម៉ាកអូឌីពណ៌ស មិនចាំស្លាកលេខ រួចឡើងជិះគេចខ្លួន ចេញទៅបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្ក ដែលរងការខូចខាតនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ជូនសមត្ថកិច្ចសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់