ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ!! ជនជាតិថៃម្នាក់ ប្រាប់ថាត្រូវស្ត្រីខ្មែរលួចលុយអស់ សុំខ្ចីលុយអ្នកបើកម៉ូតូកង់បី និងទូរស័ព្ទ យកលេងល្បែងអស់

ភ្នំពេញ: បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីចាញ់បោកអស់លុយ និងសម្ភារមួយចំនួន កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។

ជនសង្ស័យឈ្មោះ ប៊ុន ឡុង អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅប្រទេសថៃ និងមានស្រុកកំណើតនៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មពួក ខេត្តបាត់ដំបង។ ចំណែកបុរសរងគ្រោះឈ្មោះ ម៉ែន វ៉ិត អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពត។

ដំណើររឿង៖ នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យបានហៅម៉ូតូកង់បីឥណ្ឌា របស់ជនរងគ្រោះ ជិះចេញពីផ្ទះសំណាក់យីហោ «ចន្ទ័ណាវី» ស្ថិតក្នុងខណ្ឌសែនសុខ ដោយដឹករូបគេទៅបើកលុយចំនួន៨៦០០ដុល្លារ ពីធនាគារកាណាឌីយ៉ាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង។

ខណ:ជនសង្ស័យឡើងជិះលើម៉ូតូកង់បីឥណ្ឌា ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេជាជនជាតិថៃ ទើបមកដល់ស្រុកខ្មែរ ហើយត្រូវស្ត្រីជនជាតិខ្មែរម្នាក់ លួចយកលុយអស់ចំនួន៣០០ដុល្លារ និងទូរស័ព្ទមួយគ្រឿងទៀត តម្លៃ១២០០ដុល្លារអស់ពីខ្លួន ហើយបានសុំខ្ចីទូរស័ព្ទដៃ របស់ជនរងគ្រោះ និយាយទាក់ទងទៅសាច់ញាតិ។

ប្រភពដដែល បន្ដថា បន្ទាប់ជូនទៅដល់ទីតាំងខាងលើ ជនសង្ស័យបានប្រាប់ ជនរងគ្រោះ ឱ្យជូនខ្លួនទៅបើកលុយនៅណាហ្គាវិញ ដោយសារតែលុយ ទាល់តែម៉ោង១២យប់ ទើបគេផ្ញើមកឲ្យ។ មកដល់ណាហ្គាទាំង២នាក់ ក៏បានឡើងទៅខាងលើ ដោយជនសង្ស័យបានខ្ចីលុយជនរងគ្រោះចំនួន២០ម៉ឺនរៀល ទុកសម្រាប់បង់ថ្លៃសេវាធនាគារ រួមទាំងខ្ចីទូរស័ព្ទមួយគ្រឿង ទុកសម្រាប់ទាក់ទង ក្នុងការផ្ញើលុយ ហើយប្រាប់ឱ្យជនរងគ្រោះ ចុះទៅមើលម៉ូតូកង់បីឥណ្ឌា ដែលចតទុកចោលខាងក្រោម ហើយនៅពេលត្រឡប់ទៅវិញ ចាំគេប្រាប់ឲ្យដឹកទៅផ្ទះសំណាក់វិញ។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ ដោយជនសង្ស័យ បានឆ្លើយថាទូរស័ព្ទមួយគ្រឿងនោះ គឺខ្លួនយកទៅបញ្ចាំ បានលុយចំនួន១០០ដុល្លារ ចំណែកលុយចំនួន២០ម៉ឺនរៀលទៀត ក៏យកទៅលេងល្បែងចាញ់អស់ហើយ។

បន្ទាប់ពីសួរនាំ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការនិតីវិធី៕

មតិយោបល់