ព័ត៌មានជាតិ

ក្រុមកម្លាំងការងារ LIMA19 បន្តប្រតិប្តិការស៊ើបអង្កេតករណីឃាតកម្ម ទៅលើកុមារអាយុ ១១ឆ្នាំនៅស្រុកព្រៃនប់

ព្រះសីហនុ: យោងតាមផេក Child Protection Unit បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីស៊ើបអង្កេតរបស់ CPU ជាមួយនិងមន្ត្រីស៊ើបអង្កេតក្រសួងមហាផ្ទៃ និងមន្ត្រីស៊ើបអង្កេតខេត្តព្រះសីហនុ បានបន្តការស៊ើបអង្កេតករណីឃាតកម្ម ទៅលើក្មេងស្រីអាយុ១១ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្មេងស្រី អឿន ស្រីនុច អាយុ១១ឆ្នាំ បានបាត់ខ្លួនពីភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានទៅលេងរមណីយដ្ឋានលេងទឹកជាមួយមិត្តភក្តិ។ ស្អែកឡើងម្តាយរបស់នាង បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ច បន្ទាប់ពីក្មេងស្រីនេះ មិនបានវិលត្រលប់មកផ្ទះ ហើយការស្វែងរកខ្លួន នៅតំបន់ជិតខាងគឺមិនមានលទ្ធផល។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៥៥នាទី អ្នកស្រុកបានប្រទះឃើញសាកសពក្មេងស្រី ដេកផ្កាប់មុខនៅក្នុងទឹករាក់។ មន្រ្តីបច្ចេកទេសកោសល្យវិច្ច័យ បានសន្និដ្ឋានថា សាកសព គឺក្មេងស្រី អឿន ស្រីនុច។ នៅថ្ងៃទី១ និងទី២ ខែកញ្ញា ការស៊ើបអង្កេតនៅកន្លែងមួយចំនួន បានប្រព្រឹត្តិឡើង ថែមទាំងការសួរចម្លើយបន្ថែមទៀត។

មន្ត្រីស៊ើបអង្កេតកំពុងតែបន្តប្រតិបត្តិការស៊ើបអង្កេត និងវិធិសាស្រ្តពិសោធន៍ កោសល្យវិច្ច័យបន្ថែម។ ក្រុមកម្លាំងការងារ នឹងបន្តការងារនៅខេត្តព្រះសីហនុ។ ពត៌មានបន្ថែមនៅពេលក្រោយ៕

មតិយោបល់