កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានជនជាតិវៀតណាមចំនួន៤នាក់ បាននាំគ្នាផឹកស្រា នៅលើសាឡង់បូមខ្សាច់ ១គ្រឿង នៅចំណុចព្រែកស្រែអំបិល ស្ថិត នៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល រួចក៏បាត់គ្នាម្នាក់រកពុំឃើញ លុះដល់ព្រឹកឡើង ក៏មានប្រជាពលរដ្ឋមករាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បាននាំខ្លួនជនជាតិវៀតណាមទាំង៣នាក់ មកធ្វើការសាកសួរ និងត្រួតពិនិត្យឯកសារពាក់ព័ន្ធ គឺពុំមានឯកសារគ្រប់គ្រាន់ទេ ដោយចូលមកប្រកបមុខរបរ និងស្នាក់នៅកម្ពុជាខុសច្បាប់ បច្ចុប្បន្នបានបំពេញសំណុំរឿង បញ្ជូនទៅអគ្គនាយកដ្ឋានចាត់ការតាមនីតិវិធីច្បាប់។
ចំណែកឯ ជនជាតិវៀតណាមម្នាក់ទៀត ដែលបានបាត់ខ្លួន គឺមានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹក នៅចំណុចព្រែកកំពង់ស្តាំ ស្ថិតនៅក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង១០ព្រឹក ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយកម្លាំងពាក់ព័ន្ធ និងមានការចូលរួមពី មន្ត្រីពេទ្យបង្អែកស្រុក ចុះត្រួតពិនិត្យសាកសព ។
សាកសពជនរងគ្រោះមានឈ្មោះ Viet Thin Therng ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម ជាកម្មករសាឡង់ ដឹកខ្សាច់ថ្ម ដែលមានទីតាំង ស្ថិតនៅក្បែរស្ពានស្រែអំបិល ភូមិព្រះអង្គកែវ ឃុំដងពែង ក្រោយធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជា ធ្លាក់ទឹកលង់ស្លាប់ យ៉ាងពិតប្រាកដមែន ដោយនៅលើសព ពុំស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯប្រទេសកំណើតវិញ ៕

មតិយោបល់