ព័ត៌មានជាតិ

ម្ចាស់ផ្ទះខំទុកចិត្ត! ករណី២នាក់ម្ដាយកូនបែកគំនិតលួចគ្មានប្រណី

ភ្នំពេញ: នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចបានបញ្ជូនខ្លួនសង្ស័យទៅតុលាការ ដែលប្រព្រឹត្តបទល្មើសលួច កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះប្តឹង ពីបទលួច (ហូល ផាមួង ក្រណាត់ក្បិន និងអាវ សំពត់ដែលកាត់រួច) ជាច្រើនលើកច្រើនសារ នៅចំណុច ផ្ទះលេខ១៣៨BIS ភូមិជ្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទិន សុផា ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ អ្នកបំរើការងារតាមផ្ទះ។

ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសួរនាំ ស្រ្តីជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា ខ្លួន និងកូនស្រី ឈ្មោះ ថា ស្រីនិច អាយុ ១៨ឆ្នាំ បានមកបម្រើការងារផ្ទះផ្នែកចុងភៅ និងអនាម័យ របស់ម្ចាស់ផ្ទះ នៅចំណុចកើត ដោយទទួលបានប្រាក់ខែ ២០០ដុល្លារអាមេរិក ក្នុងមួយខែ ហើយជារៀងរាល់ថ្ងៃរូបខ្លួន និងកូនស្រីតែងតែបោសសម្អាតតាមបន្ទប់ដាក់ខោអាវ បន្ទប់ដេក រាល់ថ្ងៃ ដោយម្ចាស់ផ្ទះទុកសោរបន្ទប់ឲ្យបើកចូល លុះពេលបោសសម្អាតហើយទើបប្រគល់សោរឲ្យម្ចាស់ផ្ទះវិញ រហូតដល់អំឡុងខែមីនា ឆ្នាំ២០១៩ រូបខ្លួន ក៏មានគំនិតចង់បាន ហូល ផាមួង ទើបកើតចិត្តលួចតែម្តង គឺលួចបាន ហូល ផាមួងដែលកាត់រួច ០៤ សំពត់ ០៣ និងក្រណាត់ហូល ផាមួង ០៩ក្បិន ហើយរូបគេលួចជាច្រើនលើកច្រើនសារ ដើម្បីសន្សំឲ្យបានច្រើន រួចផ្ញើរតាមឡានតាក់ស៊ីទៅផ្ទះនៅខេត្តកំពង់ចាម។

បន្ទាប់ពីធ្វើការសួរចម្លើយរួច ទើបសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់