ភ្នំពេញៈ ឆ្លើយតបទៅនឹងកិច្ចសុំអន្តរាគមន៍ពីក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចពីរាជរដ្ឋាបាល និងជាការលើកទឹកចិត្តដល់ការទាក់ទាញវិនិយោគឯកជនក្នុងនិងក្រៅប្រទេសមកវិនិយោគនៅកម្ពុជា សំដៅអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មឲ្យមានការរីកចម្រើន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្នើឲ្យក្រុមហ៊ុនទាំងនោះគោរពច្បាប់ និងអនុវត្តន៍តាមសារាចរណែនាំលេខ១១៨៥ របស់រាជរដ្ឋាភិបាលឲ្យល្អ ចៀសវាងការយឺតយ៉ាងក្នុងការបង់វិភាគទានសម្បទានចូលរដ្ឋ។
លោករដ្ឋមន្រ្តីលើកឡើងថា “យើងបានប្រើប្រាស់ពេលវេលាក្នុងការធ្វើការងារលើគម្រោងសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋឲ្យទៅក្រុមហ៊ុនឯកជនជាច្រើនឆ្នាំមកហើយ ដូច្នេះមិនអាចងាកទៅក្រោយហើយទំលាក់កំហុស ឬចាប់យកកិច្ចទាំងនោះមកធ្វើវិញនោះទេ គឺមានតែរួមគ្នាការកែលំអរឱ្យវាដំណើរការទៅដោយរលូន និងស្របតាមការច្បាប់កំណត់”។
ចំពោះកិច្ចសុំអន្តរាគមន៍ ដោះស្រាយនូវបញ្ហាដែលបានកើតមាននាពេលកន្លងទៅ លោករដ្ឋមន្រ្តីលើកឡើងថា រាល់ទម្រង់នៃការអភិវឌ្ឍន៍ មិនមែនចាប់ផ្តើមឡើងដោយគ្មានឯកសារនៅក្នុងដៃនោះទេ ប៉ុន្តែអ្វីៗបានប្រព្រឹត្តិទៅដោយរហ័សបំផុត ហើយក៏មិនបានគិតជាមុននូវបញ្ហាប្រឈមទាំងឡាយមុនឈានដល់ការចុះកិច្ចសន្យាដោយថ្លោះធ្លោយនោះដែរ។
លោកគិតថា មុនឈានដល់ការចុះកិច្ចសន្យាមិនមែនមើលត្រឹមតែផែនទីជាក់ស្តែងដែលបន្សល់ទុករាប់សិបឆ្នាំនោះទេ មុននិងរៀបចំបែបបនេះ គេបានរៀបចំនូវបញ្ជីសារពើភ័ណ្ឌ ឯកសារថតពីលើអាកាស ពីស្ថានភាពទីតាំងដីនៃតំបន់នោះថាតើវាមានប្រជាជនកាន់កាប់ប៉ុន្មាន ដីព្រៃប៉ុន្មានដោយមានការឯកភាពពីមន្រ្តីថ្នាក់មូលដ្ឋានជាក់លាក់នោះទេ ដូច្នេះហើយបានជាពេលនេះក្រសួងកសិកម្មខិតខំរកយន្តការដោះស្រាយបែបណាដើម្បីឈានទៅរកចំណុចរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបានទាំងអស់គ្នា។
លោកបបញ្ជាក់ដែរថា ចំពោះការបង់ថ្លៃសម្បទានសេដ្ឋកិច្ច គឺគួរតែធ្វើតាមសេចក្តីជូនដំណឹងលេខ១១៨៥នោះ ដើម្បីចៀសវាងការយឺតយ៉ាងក្នុងការបង់វិភាគទានសម្បទានជូនរដ្ឋ ដោយពិនិត្យលើទិដ្ឋភាពជាក់ស្តែងដែលក្រុមហ៊ុនបានឈូសឆាយ និងធ្វើការដាំដុះរួចហើយនោះ។ លើសពីនេះ ចំពោះការផ្សព្វផ្សាយខ្លឹមសារនៃការរៀបចំធ្វើសម្បទានសេដ្ឋកិច្ច ពិសេសនិតិវិធីដែលត្រូវអនុវត្តក្នុងទីតាំងណាមួយ កត្តាព្វកិច្ចជាចំបងរបស់ក្រុមហ៊ុនត្រូវតែលើកប៉ាណូបង្ហាញច្បាស់លាស់ពីបំណងពិតដែលត្រូវអភិវឌ្ឍន៍លើដីសម្បទានរបស់រដ្ឋដោយបើកចំហរ ប្រសិនបើមានបញ្ហាពាក់ព័ន្ធ គឺរដ្ឋនិងក្រុមហ៊ុនត្រូវដោះស្រាយរួមគ្នា ដើម្បីឲ្យនៅជិតគ្នា និងឈានទៅរកដំណោះស្រាយមួយល្អទាំងអស់គ្នា។
សូមបញ្ជាក់ថា គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ ត្រូវបានត្រួតពិនិត្យឡើងវិញ ដោយគណកម្មាធិការអន្តរក្រសួង ដើម្បីត្រួតពីនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋ ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងបានសម្រេចឲ្យក្រុមហ៊ុនចំនួន២២៣ក្រុមហ៊ុនបន្តនិតិវិធីលើផ្ទៃដីសរុបចំនួន ១.៥៥២.៧០០,០៤ហិកតា ដែលមានទីតាំង នៅក្នុងខេត្តចំនួន១៨នៃប្រទេសកម្ពុជា ក្នុងនោះមានផ្តល់ជូនក្រុមហ៊ុនវិនិយោគក្នុងស្រុក(កម្ពុជា)ចំនួន១២៦ក្រុមហ៊ុន វៀតណាម ៤៣ ចិន ២៧ កូរ៉េ ០៦ ម៉ាឡេស៊ី០៦ ឥណ្ឌា០៤ ថៃ០៣ អាមេរិក០២ អ៊ីស្រាអែល០២ អូស្រ្តាលី០២ និងសឹង្ហបូរីចំនួន០២ក្រុមហ៊ុន៕
មតិយោបល់