ភ្នំពេញៈ បុរសម្នាក់ រួមជាមួយមិត្តភក្តិ បើករថយន្តកូរ៉ូឡា ១គ្រឿងបោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកគូទរថយន្ត មួយគ្រឿងទៀត ដែលកំពុងបត់ឆ្លងផ្លូវ ហើយថែមទាំងបង្កហិង្សាទៅលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសស្រាល ខណៈដែលកម្លាំងចុះមកធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង៣៥នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបខាងមុខសាលាបឋមសិក្សាអនុវត្តរាជធានី ស្ថិតតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាកកាមរីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1912 បើកបរជាលក្ខណៈគ្រួសារ មានគ្នាបួនទៅប្រាំនាក់ នៅលើរថយន្ត ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២៧១។
មកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ប្រុងឆ្ពោះទៅផ្លូវ២០០២ ប៉ុន្តែខណៈដែលបត់ឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយូតាកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-7975 បើកបរដោយបុរសម្នាក់ និងមិត្តភក្តិម្នាក់ទៀត រួមដំណើរជាមួយ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ជាមួយល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តបាលែនចំពីក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្តបាលែនរងការខូចខាត ធ្លាក់កាង និងក្រពឹតផ្នែកខាងក្រោយ។ ចំណែកឯរថយន្តបង្ក បានរងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ភ្លាមៗនោះរថយន្តបង្ក ព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ ទាំងរងការខូចខាតបានប្រមាណ ១០០ ម៉ែត្រ ក៏ត្រូវបានរថយន្តបាលែនបើកដេញតាម និងស្ទាក់ចាប់បាន។
ប្រភពដដែលបន្តថា បន្ទាប់ពីស្ទាក់ចាប់បានភាគី ទាំងសងខាងក៏បានចុះពីលើ រថយន្តរៀងៗខ្លួន និងប្រកែកយកត្រូវរៀៗងខ្លួនយ៉ាងតឹងសរសៃក។ ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងជួយសម្របសម្រួលភាគីទាំងពីរ ឲ្យចរចាដោះស្រាយគ្នា តាមសន្តិវិធី ប៉ុន្តែទោះជាយ៉ាងការដោះស្រាយនូវតែមិនត្រូវរូវគ្នា។
បន្ទាប់មកក៏មានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខចំនួនបីនាក់ បានចុះមកដល់ហើយក៏បានព្យាយាមពន្យល់ និងជួយសម្របសម្រួលភាគីទាំងពីរឲ្យចរចាគ្នា បុរសដែលជាអ្នកបើករថយន្តបង្ក នៅតែទាមទារចង់ឲ្យសមត្ថកិច្ច ធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ។
មិនត្រឹមតែប៉ុណ្ណោះអ្នកបើករថយន្តបង្ក ដែលស្រវឹងម្នាក់ មកឈ្លោះប្រកែក ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខយ៉ាងតឹងសរសៃក និងថែមទាំងបានវាយទៅលើសមត្ថកិច្ចម្នាក់ បណ្ដាលឲ្យរងរបួសស្រាល ខណៈដែលសមត្ថកិច្ច នាំខ្លួនទៅធ្វើការពិនិត្យជាអាកុល ហើយពេលនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានវាស់វែងយករថយន្តទាំងពីរគ្រឿង រួមទាំងបញ្ជូនខ្លួនបុរស ដែលជាអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយតាមនិតីវិធី៕
មតិយោបល់