ព័ត៌មានជាតិ

ប្រើសារធាតុញៀនហួសកម្រិត ​បុរស​ម្នាក់​ យក​សាំង​ចាក់​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​អស់​១​ខ្នង​

ពោធិ៍សាត់ៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់ពី​យក​សាំង​ចាក់​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​អស់​១​ខ្នង។​

​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ស៊ិន ស៊ី​ធា​រី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង មាន ទំហំ​៦×៧​ម៉ែត្រ ជញ្ជាំង​ក្តា​ប្រក់​ស័ង្កសី ខណ​:​ម្ចាស់​មិន​នៅ​ចេញទៅ​កាត់ដេរ​នៅ​រោងចក្រ​មួយកន្លែង​ស្ថិតក្នុង​ស្រុក​ក្រគរ ។​

​លោក​វរសេនីយ៍ត្រី សុខ មេសា អធិការរង​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ងឿ​ម សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជើង​ភ្លើង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដើរមក​យក​សាំង​ពី​តូប​លក់ដូរ​របស់ ឈ្មោះ ចិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ជាមួយ​ជនរងគ្រោះ​ខាងលើ ចំនួន​១​លីត្រ ហើយ​រត់​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​ចាក់​សាំង​ដុត​តែម្តង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១​ខ្នង និង​ទ្រព្យសម្បត្តិ​មាន​ជាច្រើន​ទៀត ។​

​លោក​អធិការរង​បាន​បន្តថា ដោយមាន​ការអន្តរាគមន៍​ពន្លត់អគ្គីភ័យ​ពី​សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តពោធិ៍សាត់​ចំនួន​០២​ គ្រឿង​។​

​ប្រភព​ដដែល​ បាន​បន្តទៀតថា ករណី​អគ្គិភ័យ​នេះ​បណ្តាលមកពី​ជនសង្ស័យ​ ប្រើប្រាស់​គ្រឿងញៀនហួសកម្រិត ទើប​ហ៊ាន​ធ្វើអំពើ​បែបនេះ​។​

​ក្នុងពេល​កើតហេតុ​នោះដែរ ជនបង្ក​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​កាន់​អធិការ​ដ្នា​ន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់