ព័ត៌មានជាតិ

លុចស៊ីសស៊េរីទំនើប LX570 ស្លាកលេខ ខេមរភូមិន្ទ០12-9297 បើកឡើងខឿនសួនច្បារ បុកបង្គោលស្លាកប៉ាណូ នៅក្រោមស្ពានអាកាស៧មករា

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តលុចស៊ីស LX570 មួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះ ទៅបុកខឿនសួនច្បារ និងបន្តឡើងទៅបុកបង្គោលស្លាកប៉ាណូធំមួយដើម បណ្ដាលឲ្យអ្នកបើកបររងរបួស បែកមុខឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចសួនច្បារស្ពាន អាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកលុចស៊ីសLX570 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០12-9297 ធ្វើដំណើរកើតទៅលិចតាមបណ្តោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿនដូចហោះ។

មកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ បានជ្រុលចង្កូតទៅបុកខឿនការូឡា បណ្ដាលឲ្យបែកបាក់អស់៣ទៅបួនផ្ទាំង តែរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកខឿនសួនច្បារលម្អស្ពានអាកាសបាក់បែកអស់ចំនួនពីរផ្ទាំង និងបុកផ្ទប់បង្គោលស្លាកប៉ាណូធំមួយដើម ដែលនៅកណ្ដាលសួន បណ្ដាលឲ្យរថយន្ត ក្រពឹតផ្នែកខាងមុខទាំងស្រុង ទៅមុខលែងរួច ចំណែកអ្នកបើករថយន្ត រងរបួសបែកមុខឈាមស្រោចពេញខ្លួន ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនសម្ភពពន្លឺ ដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

មតិយោបល់