ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ក្នុងសំណង់ផ្ទះល្វែងមួយកន្លែង នៅស្រុកអង្គស្នួល

កណ្ដាល: នៅវេលាម៉ោងប្រហែល៧ និង១០នាទីព្រឹកថ្ងៃ‌ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ ត្រង់ចំណុចសំណង់ផ្ទះល្វែង ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ រ៉ាន់ គឹមលីន ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានប្រពន្ធ និងកូន ០៦នាក់ ប្រុស៣នាក់ និងស្រី៣នាក់។

តាមការសួរបំភ្លឺសាក្សីឈ្មោះ កែវ ម៉ាន់ ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា ពេលល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ប្រហែលម៉ោង១៨ និង១០នាទី ជនរងគ្រោះបានហូបបាយ និងផឹកស្រាផង ពេលហូបបាយរួចរាល់ ជនរងគ្រោះ ក៏បានអង្គុយលេងរហូតដល់ម៉ោងប្រហែល២១ និង២០នាទី ហើយបានចូលដេកទៅ។

រហូតដល់ម៉ោង៧ និង០០នាទីនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ខ្លួនបានស្រែកហៅឲ្យមកហូបបាយ តែហៅមិនងើបសោះ ក៏ដើរទៅដាស់ អង្រួននៅតែមិនដឹងខ្លួន ក៏ទាញភួយចេញ ទើបដឹងថា ជនរងគ្រោះ ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយសមត្ថកិច្ចជំនាញ ត្រួតពិនិត្យរួច ពុំឃើញមានស្លាកស្នាមអី្វឡើយ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយក៏ប្រគល់ជូនសពឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់