ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់បុរសម្នាក់

ភ្នំពេញ: បុរសម្នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្ត មួយគ្រឿង មិនចាំម៉ាកមកពីក្រោយបានបុក ពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច កាលពីវេលាម៉ោង១១យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ អុល ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកឥដ្ឋ នៅព្រែកញ្ចាញ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង។ ភិនភាគជនរងគ្រោះ ខាងលើស្លៀកពាក់ អាវយឺត ពណ៌លឿងក្រម៉ៅ ស្លៀកខោក្រប៊ូយ កម្ពស់ប្រហែល ១.៧០ ម៉ែត្រ សម្បុរខ្មៅស្រអែម ជិះម៉ូតូម៉ាកឌ្រីម សង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM.6505 ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសរងគ្រោះ ជិះម៉ូតូឌ្រីមសង់តាមបណ្តោយផ្លូវជាតិលេខ6A ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿងមិនចាំម៉ាក បានបើកយ៉ាងលឿនមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ខ្ទាតប្រហែល៥០ម៉ែត្រ បោកក្បាល និងថ្នល់ស្លាប់មួយរំពេច ភ្លាមៗនោះ រថយន្តបន្ថែមល្បឿន បើករត់បាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏ទាក់ទង ទៅសមត្ថកិច្ចជំនាញ មកវាស់វែង យកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

មតិយោបល់