ព័ត៌មានជាតិ

មន្ត្រីនគរបាលខេត្តស្វាយរៀងម្នាក់ បើករថយន្តបុកម៉ូតូបណ្ដាលឲ្យជនជាតិវៀតណាមម្នាក់រងរបួសធ្ងន់

ស្វាយរៀង: កាលពីវេលាម៉ោង ១៩និង៣៥នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូនៅតាមបណ្តោយកំណាត់ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនបង្កឈ្មោះ ទិន ឡង់ឌី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរមន្ត្រីនគរបាល មានតួនាទីជាអនុប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើករថយន្តពាក់ស្លាកលេខ នគរបាល 2-2229។
ជនរងគ្រោះឈ្មោះ ស្រី ជុង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិឡុងអាង ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម បុកប៉ះបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ (បាក់ជើងខាងស្តាំ) ជិះម៉ូតូ១គ្រឿងម៉ាក អិចសង់ទ័រ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 70-C1 205.11។

ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តធ្វើដំណើរពីត្បូងទៅជើងរួចបត់ឆ្វេងឆ្លងកាត់ថ្នល់ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចម៉ូតូជនរងគ្រោះមក ក៏បុកប៉ះបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ បណ្តាលមកពីរថយន្តបើកបរមិនប្រកាន់ស្តាំ៕

មតិយោបល់