ព័ត៌មានជាតិ

រថយន្ដកុងតឺន័រ ឆ្លងចរន្តភ្លើងឆាបឆេះកាប៊ីនក្លាយជាដែកអេតចាយ

ភ្នំពេញៈ រថយន្តកុងតឺន័រ១គ្រឿង ខណៈកំពុងបើកបរចេញ ពីផែស្ងួតសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យមានការឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តខាងលើនោះ ម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-0157 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ នោះឡើយ ហើយនៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច ចេញពីផែស្ងួតស៊ូហាក់ ស្ថិតនៅខាងក្រោយបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្នុងបំណងឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្ត បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះ កាប៊ីនយ៉ាងសន្ធោសន្ធៅ ។ ពេលនោះប្រជាពលរដ្ឋ បាននាំគ្នាយកធុងប៉េត្រូ ដងទឹកប្រឡាយក្បែរនោះជះពន្លត់ ហើយខ្លះទៀត បានយកបំពង់ពន្លត់ អគ្គិភ័យទៅបាញ់ពន្លត់ ទើបរលត់ទៅវិញ។

ករណីនេះ បានបណ្ដាលឲ្យរងការខូចខាតកាប៊ីនរថយន្តទាំងស្រុង មិនអាចប្រើការ បានឡើយ តែសំណាងល្អ អ្នកបើកបរមិនមានគ្រោះថ្នាក់ទេ ព្រោះបានបើកទ្វាររត់ចេញទាន់ពេល។

ក្រោយពេលកើតហេតុ ក៏មាននគរបាលបានប៉ុស្តិ៍ចោមចៅ៣ បានចុះត្រួតពិនិត្យ ដល់ទីតាំង និងឲ្យម្ចាស់យកខ្មោចរថយន្តនេះ ទៅរក្សាទុកដោយខ្លួនឯង៕

មតិយោបល់