ភ្នំពេញៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសរសើរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពន្ធដា ស្ថាប័នគយ និងរដ្ឋាករ ក្នុងការប្រមូលពន្ធអារកក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៦នេះ បានចំនួន២,៩៤៩ទ្រីលានរៀល បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ មានការកើនឡើង២៩,៥%។ សម្តេចតេជោ មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងពិធីរំឭកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នៅរាជធានីភ្នំពេញ។
ក្នុងពិធីនោះ សម្តេចតេជោ បានមានប្រសាសន៍ថា តាមពិតស្ថាប័នគយ និងរដ្ឋាករកម្ពុជា មានអាយុកាល៦៥ឆ្នាំហើយ ដែលបានចាប់បដិសន្ធិនៅឆ្នាំ១៩៥១ នៅពេលដែលប្រទេសយើងទទួលបានឯករាជ្យពីបារាំង ក្រោមការដឹកនាំរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែស្ថាប័ននេះ ត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងរបបប៉ុលពត នៅឆ្នាំ១៩៧៥ រួមទាំងធនធានមនុស្ស និងឯកសារបទដ្ឋាននានា។ ចាប់តាំងពីប្រទេសជាតិរំដោះរួចផុតពីរបបប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យើងបានរៀបចំស្ថាប័ននេះឡើងវិញពីបាតដៃទទេរ។ យើងចងចាំគំនិតផ្តួចផ្តើមបង្កើតស្ថាប័ននេះ ដោយលោក តាំង សារិម អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសម័យនោះ ហើយខ្ញុំតែងតែការពារស្ថាប័នមួយនេះឲ្យធ្លាក់ទៅលើឯកជនឡើយ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា “ខ្ញុំផ្ទាល់តែងតែយកចិត្តទុកដាក់ជំរុញកំណែទម្រង់ស្ថាប័នគយ និងរដ្ឋាករ ដែលជាស្ថាប័នមានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល និងដើម្បីប្រមូលចំណូលកាន់តែបានខ្ពស់សម្រាប់ប្រទេសជាតិ និងដើម្បីឲ្យសមស្របទៅនឹងទំនើបកម្មនៃសេវាកម្មនេះនៅក្នុងតំបន់ និងក្នុងពិភពលោក”។
ជាមួយគ្នានេះ សម្ដេចក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងស្ថាប័នគយ និងរដ្ឋាករ និងស្ថាប័នពន្ឋដារ ដែលបានអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបា ដើម្បីប្រមូលពន្ធ និងអាករកើនបានឡើងជាលំដាប់ ដែលក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៦នេះ គឺចំណូលគយសម្រេចបាន២,៩៤៩ទ្រីលានរៀល កើនឡើង២៩,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។
សម្ដេចបន្ថែម “ខ្ញុំសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ឋ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនានា ត្រូវចូលរួមសហការជាមួយស្ថាប័នគយ និងរដ្ឋាករ ដើម្បីជំរុញការប្រមូលពន្ឋឲ្យកាន់តែមានប្រសិទ្ឋិភាពខ្ពស់។ ខ្ញុំក៏សូមអរគុណដៃគូអភិវឌ្ឍន៌នានាដែលបានសហការជាមួយស្ថាប័នគយ និងរដ្ឋាករ ដើម្បីជំរុញឲ្យស្ថាប័ននេះ កាន់តែទំនើប ប្រកបដោយការទទួលខុសត្រូវ និងមានតម្លារភាពខ្ពស់ក្នុងការផ្តល់សេវាកម្ម”។
សម្តេចតេជោ បានបញ្ជាក់ថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ឯកភាពជាតិ និងស្ថេរភាពនយោបាយ ទើបធ្វើឲ្យសេដ្ឋកិច្ចជាតិមានលំនឹង និងកាន់តែកើនឡើងខ្ពស់ជាលំដាប់៕
មតិយោបល់